(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នគរបាលខេត្តព្រៃវែងចំនួន ៧នាក់ ដែលបានអនុវត្តភារកិច្ចលើសព្រំដែន នៃក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបំភ្លឺដូចតទៅ៖

១៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច លេខ ៤៩០ ស.ស.រ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ សម្រេចដាក់វិន័យដោយរូបភាពផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន០៧នាក់ ដោយរង់ចាំការសម្រេចជាថ្មី។

២៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកសាងសំណុំ រឿងតាមនីតិវិធីចំពោះករណីលោកអនុសេនីយ៍ឯក ទូច ធារ៉ា អត្តលេខ ៧១៨៦៨ ឋាន: នាយរងការិយាល័យប្រឆាំងគ្រឿង ញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

៣៖ អំឡុងឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី អត្តលេខ ៥៤០៧២ ឋានៈ ស្នងការរងទទួលការងារ គ្រឿងញៀន ធ្លាប់បានជាប់ចោទពីបទជួញដូរអាវុធដោយគ្មានការអនុញ្ញាត ប៉ុន្តែចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញពុំបានរកឃើញភស្តុតាងដាក់បន្ទុកនោះឡើយ និងបានសម្រេចលើកលែងការចោទប្រកាន់តាមដីកាដំណោះស្រាយ លេខ ៣១៦២ ស.ដ.ដ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។

ថ្មីៗនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀន ចំនួន៧រូប បន្ទាប់ពីពួកគេបានប្រើហិង្សា និងយកលុយប្រមាណ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន។

មន្ត្រីនគរបាលដែលផ្អាកការងារបណ្តោះអាសន្ននេះ រួមមាន៖ ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ស៉ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។

ប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះរួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរនឹងការដោះលែងវិញ៕