(ភ្នំពេញ)៖ បច្ចុប្បន្ននរណាក៏ដឹងដែរថាលោក ដូណាល់ ត្រំា ប្រធានាធិបតីអាមេរិកំាង កំពុងប្រឈមនឹងសង្រ្គាមចេញមុខកំពូលចំនួន៣។

សង្រ្គាមចេញមុខកំពូលទាំង ៣រួមមាន៖ ទីមួយ៖ បានប្រកាសលើកថ្ងៃបោះឆ្នោតប្រធានាធិបតី, ទីពីរ៖ កំពុងស្មុកស្មាញនឹងទប់ទល់ការរាតត្បាត នៃមេរោគឆ្លងកូវីដ-១៩ និងទីបី៖ កំពុងប្រឈមនឹងសង្រ្គាមត្រជាក់ជាមួយមហាអំណាចសេដ្ឋកិច្ចចិន ដែលគាត់ជាអ្នកចាប់ផ្ដើម។

តើលោក ដូណាល់ ត្រំា អាចនឹងយកឈ្នះសង្រ្គាម៣ កំពូលៗឥតព្រាងទុកបានដែរឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ជូនលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញអង្គភាពព័ត៌មាន Fresh News ដោយឆ្លុះបញ្ចំាងនូវធាតុពិតនៃរឿងទំាង៣នេះ ដើម្បីជាការជូនជ្រាបដល់ប្រិយមិត្ត ដូចតទៅ៖

* ទីមួយ៖ ជាទូទៅ អ្នកនយោបាយ និងអ្នកដឹកនំានៅលើពិភពលោកនេះ គេបានដឹងច្បាស់ថាលោក ដូណាល់ ត្រំា នៅសល់តែ៣ខែគត់ ត្រូវចប់អាណត្ដិជាប្រធានាធិបតីនៃប្រទេសមហាអំណាចកំពូលលើលោកនេះហើយ។ ទន្ទឹមនឹងនេះ គេចាប់អារម្មណ៍យ៉ាងខ្លំាង ចំពោះសំណួរ ដែលថា លោក ត្រំា មានចេតនាចង់ពន្យាពេលការបោះឆ្នោត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។ ត្រង់ចំណុចនេះ ធ្វើឲ្យអ្នកនយោបាយនៅសហរដ្ឋអាមេរិក គេនំាគ្នាសើចគ្រប់គ្នា ព្រោះរឿងនេះ ពុំមែនតែថ្នាក់ដឹកនំានៃគណបក្សជំទាស់ទេដែលចោទសួរ តែមេដឹកនំាធំៗ នៃគណបក្សរបស់លោក ត្រំា ផ្ទាល់ក៏នំាគ្នាបន្ទោសថា «គេមិនអាចរំលោភនឹងប្រវត្ដិសាស្រ្ដបានទ្បើយ» ព្រោះថាតំាងពីជាង២០០ឆ្នំាហើយ ទោះបីជាអាមេរិក មានសង្រ្គាមស៉ីវិល ឬក៏ឆ្លងកាត់គ្រោះមហន្ដរាយសេដ្ឋកិច្ច ឬក៏សង្រ្គាមលោកលើកទី១ ឬក៏សង្រ្គាមលើកទី២ ក៏អាមេរិកមិនដែលពន្យាពេលបោះឆ្នោតប្រធានាធិបតីដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថា ម្យ៉ាងទៀត ចំពោះអំណាចនៃការប្រកាសពន្យាពេលនេះទៀតសោត គឺជាអំណាចរបស់សមាជសភាតំណាងរាស្រ្ដ រួមគ្នានឹងព្រឹទ្ធសភាឯណោះទេ។ លោក ត្រំា គាត់លើកលេសថា នឹងមានការកេងលួចបន្លំតាមរយៈប្រព័ន្ធអ៉ីនធើណែត។ គាត់លើកបែបនេះ មតិភាគច្រើនគេនំាគ្នាសើចគិល ដោយគេចោទសួរទៅវិញថា ហេតុអ្វីក៏អាមេរិកជាមហាអំណាចកំពូល មិនអាចមានមធ្យោបាយទប់ទល់ នឹងល្បែងបន្លំភ្នែកពីខាងក្រៅបែបនេះ? មិនចេះខ្មាស់គេ! បញ្ហានេះបើយើងពិនិត្យឲ្យស៉ីជម្រៅពីព្រឹត្ដិការណ៍បច្ចុប្បន្ន លោកត្រំា ពិបាកនឹងជាប់ឆ្នោតម្ដងទៀត ព្រោះការដឹកនំារបស់គាត់កំពុងតែបរាជ័យយ៉ាងធ្ងន់ធ្ងរ។

* ទីពីរ៖ បើយើងមើលបរិបទទី២ ដែលបច្ចុប្បន្ន លោក ត្រំា កំពុងជួបប្រទះគឺដំណោះស្រាយក្នុងការទប់ទល់នឹងការឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឲ្យពិភពលោកព្រឺភ័យខ្លាចមហាអំណាចកំពូលមួយនេះ ដែលបណ្ដោយឲ្យមេរោគឆ្លងរាតត្បាតយ៉ាងសន្ធោសន្ធៅបែបនេះទៅរួច។ ក្រោយពេលមេរោគចាប់ផ្ដើមរាតត្បាតចេញពីវ៉ូហាន ប្រទេសចិន ពិភពលោកនំាគ្នាស្រៀវភិតភ័យ ក្នុងនោះមានមហាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប មានប្រទេសអ៉ីតាលី សន្ធោសន្ធៅជាងគេ បន្ទាប់មកបារំាង អង់គ្លេស អាល្លីម៉ង់។ល។ រួមទំាងរដ្ឋធំមួយរបស់សហរដ្ឋផងគឺញូវយ៉ក។ ពេលនោះអង្គការសុខភាពពិភពលោក (WHO) បានប្រមានម្ដងហើយម្ដងទៀត ក្រើនរំឭកឲ្យប្រទេសទំាងអស់ប្រុងប្រយ័ត្ន ចាត់វិធានការណ៍តាមការណែនំា ហើយបានទំាងប្រកាសភាពអាសន្នទៀតថា «នឹងអាចរាលដាលដ៏សន្ធោសន្ធៅទៀតដោយសាររលកទី២»

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានគូសបញ្ជាក់ថា ជាក់ស្ដែងមែន ប្រទេសមួយចំនួនដែលបានទទួលរងគ្រោះយ៉ាងខ្លំាង គេបានចាត់វិធានការណ៍យ៉ាងតឹងរឹងបំផុត និងហ្មត់ចត់បំផុត ដើម្បីទប់ទល់នឹងការរាតត្បាតនេះ ដោយទ្បែកតែសហរដ្ឋអាមេរិក លោក ដូណាល់ ត្រំា បានគ្រប់គ្រងសភាពការណ៍ពុំមានប្រសិទ្ធិភាពទេ។ ម្យ៉ាងដោយរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរដ្ឋបាលរបស់លោក គ្មានគេស្ដាប់នឹងត្រងត្រាប់ រដ្ឋនីមួយៗរបស់អាមេរិកគ្រប់គ្រងរឿងកូវីដ-១៩នេះ ដោយសេរីម្ចាស់ការរៀងៗខ្លួន។

ជាក់ស្ដែង ខណៈដែលការឆ្លងមេរោគនៅរដ្ឋញូវយ៉ក បានចុះថមថយស្រឺតៗ រដ្ឋនានាដែលមានការគ្រប់គ្រងបែបធូររលុង បានកើនទ្បើងមេរោគឆ្លងស្រឺតៗ គួរឲ្យកត់សម្គាល់ តែក្នុងរយៈពេលកន្លះខែចុងក្រោយនេះ រដ្ឋខ្លះសហរដ្ឋអាមេរិកបានកើនអ្នកជំងឺជាងមួយលានករណី បើសរុបទូទំាងប្រទេសសហរដ្ឋអាមេរិក មានអ្នកឆ្លងច្រើនជាងគេលើពិភពលោក គឺប្រមាណជិត៥លាននាក់ នឹងបន្ដឆ្លងបន្ដបន្ទាប់ទៀត ដែលទន្ទឹមនឹងប្រទេសនានានៅអឺរ៉ុប បានថយចុះយ៉ាងច្រើន។ សភាពការណ៍នេះ បានបង្ហាញច្បាស់ពីវិបត្ដិធ្ងន់ធ្ងរ ដែលលោក ដូណាល់ ត្រំា កំពុងជួបប្រទះ ដែលប្រជាប្រិយភាពរបស់លោក កំពុងធ្លាក់ចុះយ៉ាងខ្លំាង។

* ទីបី៖ ចំណុចចុងក្រោយនេះ លោក រត្ន័ សណ្ដាប់ បានគូសបញ្ជាក់ទៀតថា ចំពោះស្ថានភាពបច្ចុប្បន្នអ្វីដែលលោក ដូណាល់ ត្រំា កំពុងជួបប្រទះដែរនោះ គឺវិបត្ដិជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ គឺប្រទេសចិន។ បញ្ហាទី៣នេះ គឺសហរដ្ឋអាមេរិកបានប្រកាសបិតស្ថានកុងស៊ុលនៅទីក្រុងហ៊ុសស្ដុន រដ្ឋតិចសាស់ ដោយចោទថា ចិនបានលួចកម្មសិទ្ធិបញ្ញារបស់អាមេរិកំាង ដែលញំាងឲ្យចិនខឹងសម្បារយ៉ាងខ្លំាងក៏សម្រេចចិត្ដបិទស្ថានកុងស៊ុលអាមេរិកមួយវិញ នៅទីក្រុងឆឹងទួ(Chengdu) ខេត្ដស៊ីឈន់យ៉ាងតក់ក្រហល់។

ចំពោះព្រឹត្ដិការណ៍នេះ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង។ មានប្រទេសមហាសេដ្ឋកិច្ចខ្លះ គេនំាគ្នាលាន់មាត់ថាសហរដ្ឋអាមេរិក បានប្រកាសសង្រ្គាមត្រជាក់ជាមួយចិនហើយ។ ក្នុងបរិបទនេះ មានអ្នកវិភាគនយោបាយអន្ដរជាតិជាច្រើន គេចោទសួរថា តើលោក ដូណាល់ ត្រាំ អាងអីដែលហ៊ានប្រកាសសង្រ្គាមជាមួយចិន ខណៈដែលសហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងទៀត ប្រទេសចិនក៏ជាមហាអំណាចសេដ្ឋកិច្ចធំទី២លើពិភពលោក។

«បើដូច្នេះគេទំាងនោះហ៊ានទស្សទាយថា សហរដ្ឋអាមេរិកនឹងមិនឈ្នះចិនទេ ព្រោះទសវត្សចុងក្រោយនេះ ចិនបានរាយអន្ទាក់សេដ្ឋកិច្ចគ្រប់ទ្វីបទៅហើយ នៅអាស៉ី, អាហ្រ្វិក, អារ៉ាប់, អឺរ៉ុប និងអូសេអានី(អូស្រ្ដាលី) ចាក់ស្រេះយ៉ាងរឹងមំា ហើយម្យ៉ាងទៀតជញ្ជីងនៃការនំាចេញនំាចូល រវាងអាមេរិកនិងចិនក៏នៅប្រៀបខាងចិនដែរ។ ម្យ៉ាងទៀតប្រទេសធំៗមួយចំនួន គេបានប្រកាសហើយថាគេមិនចូលដៃជាមួយអាមេរិកំាង ក្នុងការបង្កជម្លោះជាមួយចិននោះទេ»។ នេះជាការបញ្ជាក់បន្ថែម ពីលោក រ័ត្ន សណ្តាប់៕