(ពោធិ៍សាត់)៖ សមត្ថកិច្ចក្រុងពោធិ៍សាត់ បានចុះឆែកឆេរហាងម៉ាស្សា បង្កប់រកស៉ីផ្លូវភេទមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ និងដកហូតឧបករណ៍ប្រើប្រាស់សារធាតុញៀន និងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនទៀត។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលហាងម៉ាស្សា បង្កប់រកស៊ីផ្លូវភេទមួយកន្លែង ម្ដុំស្ពានឈើចាស់ ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ដឹកនាំ និងបញ្ជាផ្ទាល់ ដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាង រួមមាន៖

* ម្សៅក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់តូច
* ថង់ផ្លាស្ទិចមួយចំនួន
* ដែកកេះ ចំនួ ន០៣ដេីម
* ឧបករណ៍ជក់មួយកំប្លេ
* ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
* ម៉ូតូ ចំនួន០៣គ្រឿង
* ស្លាកលេខម៉ូតូ ចំនួន០១សន្លឹក
* កូនកាបូបពណ៌ខ្មៅ ចំនួន០២
* កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន០១
* កាំភ្លេីងកែច្នៃ(ប្រេីស្នប់) ចំនួន០២ដេីម
* បំពង់ទុយោប៊ិតចំនួន០១បាច់។

បច្ចុប្បន្នជនសង្ស័យទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕