(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងបង្កើតផ្សារសហគមន៍មួយស្ថិតក្នុងសួនមានជ័យ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីឱ្យអាជីករលក់ផលិតផលរបស់ខ្លួន នៅក្នុងចុងសប្តាហ៍ គឺថ្ងៃសុក្រ សៅរ៍ អាទិត្យ នឹងដាក់លក់តែផលិតផលណាមានសុវត្ថិភាព និងផលិតផលក្នុងស្រុកក្នុងគោល បំណងធ្វើការផ្សព្វផ្សាយ និងលើកស្ទួយផលិតផលក្នុងស្រុកឱ្យមានទីផ្សារ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងកសិករអ្នកផលិតទៅដល់អ្នកប្រើប្រាស់។

ការឱ្យដឹងបែបនេះរបស់លោក គឹង វណ្ណៈ បានធ្វើឡើងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមកសិដ្ឋានចិញ្ចឹមសត្វ គ្រប់ប្រភេទ និងដាំបន្លែផ្លែឈើគ្រប់មុខ ស្ថិតនៅឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអភិបាលរងខេត្តរូបនេះ បានបន្តថា ភូមិមួយ ផលិផលមួយ គឺចង់បង្ហាញពីសមទ្ធិផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុកដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋជាតិ អន្តរជាតិឱ្យបានដឹងហើយក៏ ចង់ទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ដែលបង្កើនឡើងដោយស្នាដៃកូនខ្មែរពិតៗ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករ ដែលបានផលិតបានទៀតផង។

លោក គឹង វណ្ណៈ បានបញ្ជាក់ថា ផ្សារសហគមន៍នេះ ក៏ចង់ឲ្យជនជាតិបរទេសមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរ និងក៏ដូចធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឱ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីដូនតាយើងជាយូរមកហើយពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផលនៅក្រៅស្រុក ដែលជាហេតុនាំឱ្យអាជីវករអ្នកផលិតបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

លោកក៏បានគូសបញ្ជាក់ទៀតថា ភូមិមួយ ផលិតផលមួយ ក៏ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើអ្នកផលិតក្នុងការច្នៃប្រឌិតផលិតផល១ ឬច្រើនប្រភេទតាមបច្ចេកទេស និងស្របតាមភូមិឋាន វប្បធម៌របស់ខ្លួនប្រកបដោយគុណភាពដោយប្រើវត្ថុធាតុដើម និងធនធាននៅក្នុងស្រុកដែលមានស្រាប់ សម្រាប់លក់លើទីផ្សាក្នុងប្រទេស និងអន្តរជាតិដោយឈរលើគោលការណ៍ច្បាស់លាស់ផងដែរ។

ក្នុងការចុះពិនិត្យកសិដ្ឋានដាំបន្លែផ្លែឈើ និងចិញ្ចឹមសត្វគ្រប់ប្រភេទនោះលោក គឹង វណ្ណៈ បានថ្លែងថា កន្លងមកលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ។ លោកបានឱ្យកសិករទាំងនោះខ្ចី ដើមទុនដោយគ្មានការប្រាក់ពីសមាគមមូលនិធិ វ៉ាយអិលភី YLP ដើម្បីផ្តល់លទ្ធភាពឱ្យយកសិករ បានយកទៅដាំដុះបន្លែ និងចិញ្ចឹមសត្វមានចំណូលលើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខ និងកន្លែងចិញ្ចឹមសត្វនោះ លោក គឹង វណ្ណៈ បានធ្វើការអប់រំអំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណគ្រួសារ និងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារហើយ ក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារបន្លែ ធម្មជាតិ ទាំងនេះ អាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀតផង ព្រោះថាបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឱ្យប៉ះពាល់ ដល់សុខភាព អ្នកហូប និងម្យ៉ាងទៀត ជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។

លោក គឹង វណ្ណៈ បានបញ្ជាក់បន្ថែមទៀតថា ការងារដាំដុះនេះ អាចជាមុខរបររួមផ្សំមួយ នៅពេលទំនេរពីការងារបង្កបង្កើនផលស្រូវ ក្រុមគ្រួសារនីមួយៗ ក្រៅពីការងារបង្កបង្កើនផលស្រូវ ដើម្បីបង្កើនជីវភាពគ្រួសារហើយ សង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ៕