(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត-ស្រុក និងឃុំបានអញ្ជើញប្រគល់ផ្ទះសប្បុរសធម៌ទី១២ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន (ត្រូវជាបងប្អូនបង្កើត) និងជួបសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។

ផ្ទះនេះត្រូវបានលោកប្រធានក្រុមការងារ និងលោកស្រី ម៉ក់ ស៊ីថា លោក ចាយ បូរិន និងលោកស្រី ព្រះនាគមុនីព្រះមេគុណខេត្ត ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម និងសមាជិកក្រុមប្រឹក្សាស្រុក និងសប្បុរសជនជិតឆ្ងាយសហការីបានជួយឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ ក្រោយពីលោកយាយ យាម អែម ទទួលបានផ្ទះសប្បុរសធម៌ទី១២នេះ លោកយាយបានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះសប្បុរសជនទាំងអស់ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។

លោក ប៊ិន ឡាដា អភិបាលស្រុកបារាយការណ៍បានបញ្ជាក់ថា ដំណើរការសាងសង់ផ្ទះសប្បុរសធម៌ជូនលោកយាយពីរនាក់បងប្អូននេះ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀត ដែលលោកប្រធានក្រុមការងារ លោកជំទាវ និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ បាក់ច្រាំងទន្លេ ជួយដល់ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រងាយរងគ្រោះផងដែរ។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមទាំងមូលមានក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និងជឿជាក់លើលោកប្រធាន និងសហការីក្រោមម្លប់សុខសន្តិភាព។

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោក វេង សាខិន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។

លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះ ស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។

លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍន៍មូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសន្តិភាពនេះ។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន លោកប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។ ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ លោកប្រធានបានណែនាំដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ស្រូវ ដំណាំ បន្លែ ចិញ្ចឹមសត្វ និងត្រី) នៅតាមគ្រួសារនីមួយៗបើមិនបានលក់ដូរ ក៏បានត្រឹមផ្គត់ផ្គង់នៅក្នុងគ្រួសារឲ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការចំណាយ និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ប៉ុន្តែបើមានលទ្ធភាពគួរតែពង្រីកផលិតកម្មដូចជាដាំបន្លែ ចិញ្ចឹមមាន់ ត្រី និងកង្កែប ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ បង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រង់ចាំជួយទាំងផ្នែកបច្ចេកទេស។

ចំពោះកិច្ចការនេះ លោករដ្ឋមន្ត្រី បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងក្មួយៗនិស្សិតដែលទើបបញ្ចប់ការសិក្សា ហើយមានបំណងចង់បង្កើតអាជីវកម្ម (ចិញ្ចឹមមាន់ ចិញ្ចឹមត្រីអណ្តែង និងកង្កែប) និងចង់បានព័ត៌មានបន្ថែមអំពីការងារបច្ចេកទេស និងពូជ សូមអញ្ជើញទាក់ទងទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសាមីរបស់ខ្លួន ឬមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមស្រុក ហើយសម្រាប់ក្មួយៗនិស្សិតអាចចូលមើល ឬស្រាវជ្រាវក្នុង Websites ឬ Facebook របស់ក្រសួងបានផងដែរ៕