(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានស្នើទៅអភិបាលរាជធានី-ខេត្តទាំង២៥ ជាពិសេខខេត្តជាប់ព្រំដែនវៀតណាម ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ការការឆ្លង និងរីករាលដាលជំងឺកូវីដ១៩ពីប្រទេសវៀតណាម។ លោករដ្ឋមន្ត្រី ក៏បានស្នើប្រជាពលរដ្ឋកុំឱ្យធ្វើដំណើរទៅប្រទេសវៀតណាម បើមិនមានការចាំបាច់ទេនោះ។

ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្តនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់ថា នៅពេលថ្មីៗនេះ ប្រទេសវៀតណាម កំពុងកើតមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ដោយផ្តើមចេញពីក្រុងដាណាង និងបានរាលដាលដល់ភាគកណ្ដាលនៃប្រទេសវៀតណាម ទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ជាមួយគ្នានោះស្ថានភាពនៃការចម្លងនៅលើពិភពលោក និងក្នុងតំបន់ក៏ មិនទាន់មានការធូរស្បើយ ដោយសារនៅតែមានកំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះនៅឡើយ។

លោករដ្ឋមន្ត្រី បានក្រើនរំលឹក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូចជាខេត្ត កំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនៈគិរី ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការដូចតទៅ៖
* អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសបណ្ដាខេត្តដែលមានព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួត ពិនិត្យលើអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឱ្យបានហ្មត់ចត់ ដោយអនុវត្តទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាពិសេសត្រូវត្រួតពិនិត្យសុខភាព និងធ្វើតេស្តរកវីរុសកូវីដ-១៩ សម្រាប់សិស្ស និងនិស្សិត ដែល ត្រឡប់មកពីប្រទេសវៀតណាម និងអ្នកដំណើរដែលសង្ស័យទាំងអស់កុំឱ្យមានការធ្វេសប្រហែសឡើយ។

* ចុះពិនិត្យតាមដាន ឬយកវត្ថុសំណាក និងរាយការណ៍មកទូរសព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើមជាដើម។

* អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួល ខុសត្រូវរបស់ខ្លួន ឱ្យស្របតាមរបត់នៃ «ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូដ-១៩» ដោយប្រកាន់យកនូវការអនុវត្ត អនាម័យដៃស្អាត (លាងដៃឱ្យញឹកញាប់) ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក កណ្ដាស់ បន្តអនុវត្តគម្លាតសុវត្តិភាពសង្គម និងសុវត្ថិភាពបុគ្គលលើសពី មួយម៉ែត្រកន្លះជាចាំបាច់។

* មិនត្រូវប្រមូលផ្តុំគ្នាច្រើន ឬបង្កសភាពកុះករ ចៀសវាងការធ្វើដំណើរទៅកន្លែងដែលមានមនុស្សច្រើនពេក ហើយត្រូវប្រើ ប្រាស់ម៉ាស់ជាប់ជានិច្ចរាល់ពេលធ្វើដំណើរ។

* ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះសំណាក់ ព្រមទាំងកន្លែងកម្សាន្តនានា ត្រូវអនុវត្តវិធានការការពារតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយជារឿយៗ និងត្រូវធានាថាកន្លែងរបស់ខ្លួនមិនមែនជាទីតាំងបង្កឡើងនូវ ការចម្លងវីរុសកូវីដ-១៩ ឡើយ។

* រាយការណ៍មកក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំនូវរាល់ករណីសង្ស័យ ឬរកឃើញភាពអសកម្មណាមួយដែល អាចជាមូលហេតុនៃការចម្លងវីរុសកូវីដ-១៩។

* ត្រូវបន្តអប់រំសុខភាព និងវិធានការ បង្ការការចម្លងវីរុសកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យផ្អាក ឬពន្យារការធ្វើដំណើរទៅប្រទេសវៀតណាម។ ជាពិសេសទៅតំបន់ដែលមានការរាតត្បាតនូវជំងឺកូវីដ-១៩នេះ បើមិនចាំបាច់ និងសូមអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបានដាក់ចេញដើម្បី បង្ការការឆ្លងជំងឺកូវីដ-១៩នេះ។

សូមបញ្ជាក់ថា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈប្រមាណជា៣ខែ ប្រទេសវៀតណាមបានផ្ទុះការឆ្លងជំងឺកូវីដ១៩ជាថ្មី នាពេលថ្មីៗនេះ ដោយផ្តើមចេញពីទីក្រុងដាណាង ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ខ្លួន។ អាជ្ញាធរវៀតណាម បាននិងកំពុងដាក់ចេញវិធានការបន្ទាន់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។

របាយការណ៍បានបង្ហាញថា មកដល់ពេលនេះប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៥៤៥នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីប្រមាណ ៣៦នាក់។ ប្រទេសវៀតណាម ក៏ត្រូវបានរាយការណ៍មានករណីអ្នកស្លាប់ម្នាក់ជាលើកដំបូងដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះផង។

របាយការណ៍បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកឆ្លង៥៤៥នាក់នេះ ព្យាបាលជាសះស្បើយ ៣៧៣នាក់ ហើយ១៧១នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕