ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន​ ប្រកាសចែកសៀវភៅ៤​ក្បាល ពាក់ព័ន្ធនឹង សាវតា និងការចរចាររកដំណោះស្រាយព្រំដែនកម្ពុជា ជាមួយនឹងវៀតណាម» ដោយឥតគិតថ្លៃ ជូនសិស្សនិស្សិត និងពលរដ្ឋខ្មែរ ដែលមានបំណងចង់សិក្សាស្វែងយល់។

ការផ្ដល់សៀវភៅនេះ នឹងធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ជាន់ទី៥ អគារមិត្តភាព ចាប់ពីថ្ងៃប្រកាស​ រៀងរាល់ម៉ោងធ្វើការ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០នេះ លោកស្រី កុយ ពិសី បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមបងប្អូន កូនក្មួយដែលចង់ជ្រាបច្បាស់បន្ថែមស្តីពី «រឿងរាវ សាវតា និងការចរចារកដំណោះស្រាយព្រំដែនកម្ពុជា ជាមួយនឹងវៀតណាម សូមអញ្ជើញមកយកសៀវភៅដែលខ្ញុំបង្ហាញជូនទៅនេះដោយឥតគិតថ្លៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ជាន់ទី៥ អគារមិត្តភាព រាល់ម៉ោងធ្វើការ។ មានតែចំណេះដឹងពិតប្រាកដទេ ដែលអាចជួយឱ្យបងប្អូន កូនក្មួយ ចេញផុតពីការបោកប្រាស់ ភូតកុហកពីជនអគតិបាន»

ឯកសារពាក់ព័ន្ធទៅនឹងដំណោះស្រាយព្រំដែន ដែលប្រកាសផ្ដល់ជូនដោយអនុប្រធានអចិន្រ្តៃយ៍លេខាធិការរដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន​នាពេលនេះរួមមាន៖

១៖ បទអន្តរាគមន៍ និងសេចក្តីអត្ថាធិប្បាយរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ដីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២៖ សេចក្តីថ្លែងការណ៍ និងការអត្ថាធិប្បាយរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់នូវការបំភ្លឺជូនដល់ជនរួមជាតិកម្ពុជា ស្ដីពីផែនទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣៖ អត្ថបទគោលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ខសីមា ព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

៤៖ សៀវភៅ បទអន្តរាគមន៍របស់ សម្ដេច សុខ អាន ស្តីពី «បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម»។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិត កុយ ពិសី គឺជាស្ត្រីខ្មែរ១រូប ដែលបានចំណាយពេលវេលាស្ទើរពាក់កណ្តាលជីវិត លើកិច្ចការព្រំដែនកម្ពុជា។ បេសកកម្មលោកស្រីបានចាប់ផ្តើមតាំងពីដើមឆ្នាំ១៩៩៦ ពោលគិតមកដល់ពេលនេះ មានប្រមាណជាង២០ឆ្នាំហើយ ដែលខិតខំបំពេញកិច្ចការបម្រើជាតិមាតុភូមិ។ បច្ចុប្បន្ន លោកស្រី កុយ ពិសី មានតួនាទីជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍៕