(ភ្នំពេញ)៖ បន្ទាប់ពីផ្សារទំនើបអ៉ឺអន (AEON) បានប្រកាសពីការឈប់ទទួលអាប់ប្រាក់ដុល្លារប្រភេទតូច ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ត្រឡប់ទៅអថិជនរបស់ខ្លួន ដោយប្តូរទៅអាប់ជាប្រាក់រៀលវិញនោះ, លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តាមរយៈ Facebook ផ្លូវការផ្ទាល់ខ្លួន លោកស្រីថា បង្ហាញការគាំទ្រនូវការសម្រេចថ្មីរបស់ផ្សារទំនើបនេះ។

ក្នុងន័យនេះបានសេចក្តីថា ក្រដាសប្រាក់ដុល្លារប្រភេទ១ដុល្លារ ៥ដុល្លារ ១០ដុល្លារ គឺផ្សារទំនើប AEON នៅតែទទួលពីអតិថិជនរបស់ខ្លួនដដែល ប៉ុន្តែបើអាប់លុយជូនអតិថិជនវិញ នូវក្រដាសប្រាក់ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ គឺផ្សារទំនើប AEON មិនអាប់ជូនជាដាច់ខាត គឺត្រូវអាប់ជាប្រាក់រៀលប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកស្រីបានមើលឃើញថា ការសម្រេចរបស់ផ្សារទំនើបរបស់ជប៉ុនមួយនេះ គឺបានជួយលើកស្ទួយនូវការប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរ។

លោកស្រី ជា សិរី បានសរសេរលើ Facebook ដូច្នេះថា «ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់ឲ្យអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ»

លោកស្រីបានលើកឡើងថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនិត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដងនៃទឹកប្រាក់ដែលពុំទូទាត់នោះ»

លោកស្រីក៏បានបន្ថែមថា ជាទូទៅជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈការជួយសិក្សាស្រាវជ្រាវ ពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការនៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀល ក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា។

សូមជម្រាបថា ផ្សារទំនើបអ៉ីអន បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបនេះ នឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ ១ដុល្លារ ២ដុល្លារ ១០ដុល្លារ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងត្រូវប្រើប្រាស់ ជាប្រាក់រៀលវិញ៕