(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកា៥០លានដុល្លារ ដើម្បីផ្ដល់កម្ចីជូនកសិករ ដែលមានបំណងចង់ពង្រីកកសិកម្មរបស់ខ្លូន ជាមួយអត្រាការប្រាក់ទាបបំផុត។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានពន្យល់អំពីលក្ខខណ្ឌ និងភាពចាំបាច់មួយចំនួន ដែលប្រជាកសិករអាចទទួលបាននូវប្រាក់កម្ចីនេះទៅពង្រីរបរកសិកម្មរបស់ខ្លួន ជាមួយអត្រាការប្រាក់ទាបនេះ។

តាមរយៈប្រាក់កម្ចីនេះ ក៏នឹងផ្ដល់ឱកាសឲ្យប្រជាកសិករធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។

បើតាមលោក កៅ ថាច បានឱ្យដឹងថា អតិថិជនគោលដៅ ដែលនឹងត្រូវទទួលបានប្រាក់កម្ចីនេះមានដូចជា៖

* សិប្បករ ម្ចាស់សហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្ម ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យកែច្នៃផលិត កសិកម្ម កសិ-ឧស្សាហកម្ម

* សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ លើការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម

* ម្ចាស់សហគ្រាសដែលនាំចេញផលិតផលសម្រេច និងពាក់កណ្ដាលសម្រេចដែលកែច្នៃពីកសិ-ឧស្សាហកម្ម និងផលិតផលចំណីអាហារមានប្រភពពីផលិតផលកសិកម្ម៕

ទស្សនាវីដេអូនៃការពន្យល់របស់ លោក កៅ ថាច ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលបានប្រាក់កម្ចី ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖