(ភ្នំពេញ)៖ ចាប់តាំងពីដាក់ដំណើរការ នូវគម្រោងហិរញ្ញប្បទានសម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរហូតមកដល់ពេលនេះ ឥណទានមានទឹកប្រាក់៣០លានដុល្លារ បានដល់ដៃម្ចាស់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មរួចហើយ ក្នុងនោះ SME Bank បានបញ្ចេញ២០លានដុល្លារ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន១០លានដុល្លារ។

នេះបើតាមការឲ្យដឹងពីលោក រស់ ស៉ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម»។ ពិធីនេះ បានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក រស់ ស៉ីលវ៉ា បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ យើងមានវឌ្ឍនភាពច្រើនខាង SME Bank គឺគាត់បានបញ្ចេញប្រាក់កម្ចី ដល់ជិត២០លានដុល្លារ ហើយខាងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាង១០លានដុល្លារ ដូច្នេះវឌ្ឍនភាពក៏មាន តម្រូវការក៏មាន សង្ឃឹមថាអង្គភាពទាំងពីរនេះនឹងជោគជ័យ»

ដោយឡែក ស្ថានភាពនៃការផ្ដល់ឥណទានក្រោមគ្រោងហិរញ្ញប្បទានពិសេស របស់ ARDB គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ចំនួនអតិថិជនដែលមានទំនាក់ទំនង និងស្នើសុំឥណទានបានបន្ដ កើនឡើងជាលំដាប់ មានចំនួនដល់៤៣០នាក់ មានទឹកប្រាក់សរុបប្រមាណ៤២លានដុល្លារអាមេរិក។ សំណើសុំឥណទាននេះ ភាគច្រើនមានតម្រូវការលើការចិញ្ចឹមជ្រូក, ការចិញ្ចឹមត្រី, ការចិញ្ចឹមមាន់-ទា, ការចិញ្ចឹមគោ, ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃផលិតផលកសិកម្មជាដើម។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានបង្ហាញអំពីបញ្ហាប្រឈមមួយចំនួន លើការងារជំរុញផ្ដល់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេស គឺសហគ្រាសធុនតូច និងមធ្យមភាគច្រើន ទទួលបានឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានប្រើប្រាស់ទ្រព្យធានាបំណុល ដើម្បីធានាបំណុលជាមួយ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះស្នើអស់ហើយ។ សហគ្រាសធុនតូច និងមធ្យមទាំងនោះភាគច្រើន កង្វះទ្រព្យសម្រាប់ធានាបំណុលថ្មី។

មួយករណីទៀត សហគ្រាសធុនតូច និងមធ្យមមួយចំនួន មិនទាន់បានចុះបញ្ជី ឬទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ឬស្ថាប័នវិជ្ជាជីវៈផ្សេងៗនៅឡើយ។ នេះបើតាមការឲ្យដឹងពី លោក រស់ ស៉ីលវ៉ា។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ រហូតដល់៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ បន្ថែមពីនេះ ធនាគារដៃគូចំនួន៣៣ទៀត បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដាក់ទុន៥០លានដុល្លារ ដែលនាំឲ្យទុនរបស់ SME Bank មានរហូតដល់១០០លានដុល្លារអាមេរិក៕