(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ស្រាជ្រាវយ៉ាងល្អិតល្អន់ពីការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងចម្រុះ បានបើកប្រតិបត្តិការចុះបង្ក្រាប ករណីរត់ពន្ធទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង នៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ក្រោមកាសម្របសម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត។

មន្ត្រីជំនាញដែលចុះបង្ក្រាបនៅទីតាំងផ្ទាល់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពី សំណាក់លោក កើត សុទ្ធារ៉ា ប្រធាននាយយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគយ។

លោក កើត សុទ្ធារ៉ា តែងតែឱ្យមន្រ្តីក្រោមឱវាទទាំងអស់ ខិតខំយកចិត្តទុកដាក់ទប់ស្កាត់អំពើរត់ពន្ធឱ្យអស់លទ្ធភាព និងតាមការណែនាំពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយត្រូវបង្ក្រាបអំពើរត់ពន្ធដូចភ្លៀងរលឹមគ្រប់កាលៈទេសៈ។

វត្ថុតាងជាទូរស័ព្ទដៃគេចពន្ធដែលដកហូតបានចំនួន ៣០០គ្រឿង រួមមាន៖ ម៉ាក SAMSUNG, ម៉ាក OPPO និងម៉ាក ViVO។

ក្រោយពីការបង្ក្រាបរួច មន្រ្តីជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនវត្ថុតាងទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំអើរត់ពន្ធតំបន់ ៥ នៅស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី ចំណែកម្ចាស់វិញសមត្ថកិច្ចធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការរកស៊ីរបរខុសច្បាប់នេះបន្តទៅទៀត៕