(ភ្នំពេញ)៖ លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ឥណទានចំនួន៦៥០លានដុល្លារ ដែលបាន និងកំពុងប្រើប្រាស់សម្រាប់ជួយ វិស័យសហគ្រាសធុនតូច-មធ្យម (SME) និងកសិកម្ម នឹងជួយស្ដារសេដ្ឋកិច្ច ឲ្យបានងើបឈរឡើងវិញ ហើយបន្ដដំណើរទៅមុខទៀត។

ការបញ្ជាក់របស់លោក រស់ ស៊ីលវ៉ា បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម SME» ដែលរៀបចំធ្វើឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក រស់ ស៊ីលវ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ទំហំទឹកប្រាក់ ៦៥០លានដុល្លារ ទាំងនេះនឹងអាចជួយទ្រទ្រង់សេដ្ឋកិច្ចឲ្យមានចីរភាព ជាពិសេសមានភាពរស់រាន រក្សាបាននូវជីវិត នៅពេលមានវិបត្ដិ និងត្រៀមលក្ខណៈគ្រប់គ្រង សម្រាប់ស្ទុះឡើង នៅពេលដែលវិបត្ដិបានបញ្ចប់»

លោក រស់ ស៊ីលវ៉ា បានឲ្យដឹងថា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រាជរដ្ឋាភិបាលបានបញ្ចេញឥណទានពិសេស៥០លានដុល្លារ ដើម្បីជួយដល់ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការកែច្នៃជាដើម -ល- និងមួយ វិញទៀត រាជរដ្ឋាភិបាលបានទម្លាក់ឥណទានពិសេស៥០លានដុល្លារ ដល់ធនាគារ SME បូកជាមួយឥណទានពីធនាគារដៃគូទាំង៣៣ ចំនួន៥០លានដុល្លារទៀត សរុបឥណទានបានចំនួន១០០លានដុល្លារ ដើម្បីជួយក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងការផ្តល់ឥណទានដល់ធនាគារ SME ។

បន្ថែមពីនោះទៀត មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME BANK) បានផ្ដល់កម្ចីប្រហែលជា២០លានដុល្លារ និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ឥណទានបានចំនួន១០លានដុល្លារ ដែលសរុបទាំង២ធនាគារនេះ មានជាង៣០លានដុល្លារ។

លោក រស់ ស៊ីលវ៉ា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏មានកញ្ចប់ថវិកាថ្មី ចំនួន៥០០លានដុល្លារ ដែលក្នុងនោះមានចំនួន២០០លានដុល្លារ សម្រាប់គម្រោងធានាឥណទាន ដែលរាជរដ្ឋាភិបាលបង្កើតអង្គភាពមួយ ដែលមានការចូលរួមពីធនាគារជាដៃគូ ដើម្បីបង្កើតជាសារជីវកម្មធានាឥណទាន ដើម្បីឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលគ្មានទ្រព្យធានាអាចខ្ចីលុយពីធនាគារ ហើយស្ថាប័នធានាឥណទាននោះ ជាអ្នកធានាជំនួសអ្នកខ្ចី។

លោក រស់ ស៊ីលវ៉ា បន្ថែមទៀតថា ជំហានបន្ទាប់រាជរដ្ឋាភិបាលនឹងផ្ដល់ថវិកា ៣០០លានដុល្លារទៀត ដែលថវិកាទម្លាក់ទៅឲ្យធានាគារជាដៃគូ ដើម្បីឲ្យផ្ដល់ឥណទានដល់ SME ឬក៏វិស័យផ្សេងៗទៀត ដែលត្រូវការឥណទាន យកទៅប្រើប្រាស់ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ច ឲ្យបានងើបឈរឡើងវិញ ហើយបន្ដដំណើរទៅមុខទៀតក្រោយវិបត្តិកូវីដ១៩៕