(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីបុណ្យគំរប់មួយឆ្នាំជូនចំពោះវិញ្ញាណក្ខន្ធលោក ជ័យ សំរ៉ុង អតីតអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ ដែលលោកបានទទួលមរណភាព កាលពីចុងឆ្នាំ២០១៩ កន្លងទៅ។

តាមកម្មវិធីដែលក្រុមការងារបានរៀបចំបុណ្យនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅវត្តចំប៉ា ស្ថិតនៅចំណុចភូមិត្រពាំងតាលួង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រុមការងារពិធីបុណ្យបានឲ្យភ្នាក់ងារព័ត៌មាន Fresh News ថា នៅក្នុងពិធីនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងអញ្ជើញចូលរួមដោយផ្ទាល់ និងចំណាយថវិកាទាំងអស់ នៅក្នុងកម្មវិធីនេះ ដោយមានការចូលរួមពីមន្ត្រីជាច្រើនផងដែរ។

លោកអភិបាលខេត្ត បានមើលឃើញពីភាពខ្វះខាតរបស់ក្រុមគ្រួសារលោក ជ័យ សំរ៉ុង អតីតអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ ទើបលោកផ្តើមរៀបចំធ្វើបុណ្យឧទិ្ទសកុសលដល់វិញ្ញាណក្ខន្ធជូន ព្រមទាំងចែកអំណោយដល់តាជីយាយជីផងដែរក្នុងកម្មវីធីបុណ្យ។

ក្នុងឱកាសនោះ ក៏សូមគោរពនឹងអញ្ជើញបងប្អូនក្រុមអ្នកសារព័ត៌មានទាំងអស់ ដើម្បីចូលរួមកម្មវិធីបុណ្យឧទ្ធិសកុសលដល់វិញ្ញាណក្ខន្ធលោក ជ័យ សំរ៉ុង តាមការគួរ៕