(ភ្នំពេញ)៖ នាយកដ្ឋានសុខភាពផ្លូវចិត្ត នៃការបំពានគ្រឿងញៀន សហការជាមួយមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ដល់មន្រ្តីសុខាភិបាល ដើម្បីផ្ដល់សេវាថែទាំសុខភាពផ្លូវចិត្ត ជូនប្រជាពលរដ្ឋ។

នេះបើតាមការបញ្ជាក់របស់អនុប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោកស្រី ជូ ផល្លីកា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកស្រី ជូ ផល្លីកា បានថ្លែងបញ្ជាក់ថា «ការបើកវគ្គបណ្តុះបណ្តាលនេះ មានការឧបត្ថម្ភពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់មន្រ្តីសុខាភិបាល ក្នុងការជួយដល់ការថែទាំសុខភាពផ្លូវចិត្តប្រជាពលរដ្ឋ។ ពិសេសជនរងគ្រោះក្នុងចំណោមជនចំណាកស្រុក ដែលវិលត្រឡប់មកសហគមន៍គាត់វិញ ជនដែលត្រូវបានដាក់នៅដាច់ដោយឡែក (Quarantine)»

ការបណ្ដុះបណ្ដាលនេះ «បានធ្វើឡើងរយៈពេល២ថ្ងៃ ២៩-៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅខេត្ដបន្ទាយមានជ័យ ដោយសារខេត្ដនេះ មានអ្នកចំណាកស្រុកវិលត្រឡប់មកវិញមានចំនួនច្រើនជាងគេ ពិសេសត្រលប់មកពីប្រទេសថៃ ចំនួន ២៧,៧០៥នាក់ បន្ទាប់មកមានខេត្តបាត់ដំបង និងខេត្តសៀមរាប»

លោកស្រីបន្ដថា កត្តាទាំងនេះបានធ្វើឱ្យក្រសួងសុខាភិបាលទទួលអនុវត្តគម្រោងសាកល្បង ជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក្នុងការបណ្តុះណ្តាលបង្កើនសមត្ថភាពមន្រ្តីសុខាភិបាលលើការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តទាំងបីមុនគេ ដោយជ្រើសរើសស្រុករដ្ឋបាលណា ដែលមានអ្នកចំណាកស្រុកវិលត្រឡប់មកសហគមន៍គាត់វិញច្រើនជាងគេ៕