(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ដ្រីនគរបាលជាតិ ២២នាក់ នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់កម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន កុំបង្កើតឱ្យមានកំហុសឱ្យសោះ ដើម្បីជៀសឲ្យផុតពីការដាក់វិន័យ របស់ថ្នាក់លើ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា កន្លងមកមានកម្លាំងនគរបាលមួយចំនួនតូចបានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយបានរង ការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គម នូវការរិះគន់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយមន្រ្តីនគរបាលដែលប្រព្រឹត្តខុសនោះត្រូវបានថ្នាក់លើ ដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ។

លោកបានបន្តទៀតថា ក្រោយគេមើលឃើញថា ក្នុងរយៈពេលចុងក្រោយទោះបីជាស្ថានភាពបទល្មើសមានការថយចុះក៏ដោយមន្ត្រីនគរបាល ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតួនាទី ភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណ:សុវត្ថិភាពសង្គមជូនប្រទេស ជាតិ ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់មូលដ្ឋាននានាឱ្យចំគោលដៅ ស៊ីជម្រៅដើម្បីទទួលបាន ប្រសិទ្ធភាពខ្ពស់។

លោក អ៊ុក កុសល ក៏បានផ្ដាំផ្ញើដល់មេប៉ុស្តិ៍ទាំងអស់ ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញ ត្រូវចេះសហការគ្នាអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអង្គភាពរបស់ ខ្លួនមានការរីកចម្រើន ត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ ចុះតាមដានជាប្រចាំនៅតាមភូមិឃុំចុះផ្សព្វផ្សាយ ពីសុខសុវត្ថិភាពដល់ប្រជា ពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ហើយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ មូលដ្ឋានជំរុញ និងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារត្រូវធ្វើយ៉ាង ណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុស ត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសការងារដែលបញ្ជារ ពីស្នងការដ្ឋាននគរបាលខេត្តដល់ប៉ុស្តិ៍នគរបាលក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា៕