(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តតាកែវ ជាផ្លូវការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។

ការិយាល័យនេះ នឹងដើរតួនាទីជាទីតាំងផ្លូវការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំនៅខេត្តតាកែវ ដើម្បីទទួលស្វាគមន៍អ្នកស្រាវជ្រាវ និងសាធារណជន ព្រមទាំងចែកចាយឯកសារទាក់ទងនឹងរបបខ្មែរក្រហម ដោយផ្តោតជាពិសេសលើភូមិភាគនិរតី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរួមមាន ខេត្តតាកែវ កំពត និងផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

ពិធីសម្ពោធនេះ មានការអញ្ចើញចូលរួមពីសំណាក់ លោកស្រី ទន់ សាអ៉ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា, លោកស្រី សារី ផល្លី អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តតាកែវ, តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា, លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា, លោក ផេង ពង្សរ៉ាស៉ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងវត្តមានចូលរួមពីសំណាក់គរុសិស្ស, លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។

«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តតាកែវ ដែលទទួលថវិកាគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នឹងដាក់តម្កល់ ឯកសារប្រមាណជាង១លានឯកសារ ដែលរួមមាន ឯកសារជាក្រដាស រូបថត ខ្សែភាពយន្ត ខ្សែអាត់សំឡេង និងឯកសារភ័ស្តុតាងជាក់ស្តែង (ឯកសាររណ្តៅសាកសព)។ ឯកសារទាំងនេះ ផ្តល់ជាព័ត៌មានស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហមយ៉ាងសម្បូរបែប ដែលជាធនធានស្រាវជ្រាវសម្រាប់គ្រូបង្រៀន មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាជនទូទៅ រស់នៅក្នុងខេត្តតាកែវនិងខេត្តក្បែរខាង។ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តតាកែវនេះ គឺជាមជ្ឈមណ្ឌលតំណាងទីបួនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បន្ទាប់ពីវត្តមាននៃ «មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង» ក្នុងខេត្តឧត្តរមានជ័យ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តព្រៃវែង និង «មជ្ឈមណ្ឌលឯកសារកោះថ្ម» ក្នុងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ការបង្កើត «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នេះ គឺជាផ្នែកមួយនៃគម្រោងអប់រំអំពីរបបកម្ពុជាប្រជាធិបតេយ្យ នៃគម្រោងសំណងតាមផ្លូវតុលាការ នៅក្នុងក្របខណ្ឌនៃសំណុំរឿង០០២ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីឆ្នាំ២០១៣។ គម្រោងសំណងទាំងនេះ មានគោលដៅ «ស្ដារកិត្តិយស សេចក្តីថ្លៃថ្នូរ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមរបស់ដើមបណ្ដឹងរដ្ឋប្បវេណី រំលឹកដល់អ្នកដែលបានបាត់បង់ជីវិត លើកកំពស់ការយល់ដឹង និងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងដើម្បីធានាថាបទពិសោធន៍ក្នុងសម័យខ្មែរក្រហមនឹងមិនកើតមានជាថ្មីម្ដងទៀតក្នុងសង្គមកម្ពុជា នាពេលអនាគត»។

ទន្ទឹមនឹងនេះដែរ ការបង្កើត «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តតាកែវនេះ ឡើងគឺស្របទៅនឹងស្មារតីនៃអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្នុងការបន្តនិងបង្កើតថ្មីនូវកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដល់យុវជនជំនាន់ក្រោយ និងគ្រូបង្រៀនទូទាំងប្រទេស ឲ្យយល់កាន់តែច្បាស់ពីរឿងរ៉ាវពីអតីតកាលរបស់ប្រទេសខ្លួន។

តាមរយៈវត្តមាននៃការិល័យតាមបណ្តាខេត្តទាំងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា អាចពង្រីកសកម្មភាពចែកចាយឯកសាររបស់ខ្លួនទៅកាន់ប្រជាជននៅតាមបណ្តាលខេត្ត ឬតំបន់ដែលមានការអភិវឌ្ឍតិចតួច ដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ បានទូលំទូលាយជាងមុន។ ថ្វីត្បិតតែមានការយាយីនៃជំងឺរាតត្បាតជាសកលយ៉ាងណាក្តី មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតែបន្ត ចែករំលែកការយល់ដឹងនិងព័ត៌មាននានា ដែលជួយបង្កើនការយល់ដឹងរបស់សាធារណជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។

ទោះបីជាស្នាក់នៅផ្ទះ មនុស្សម្នាក៏អាចប្រើប្រាស់បណ្តុំទិន្នន័យសព្វជ្រុងជ្រោយ របស់មជ្ឈមណ្ឌលឯកសារកម្ពុជាតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងរកឯកសារនានា ដោយមានជំនួយពីបុគ្គលិកមជ្ឈមណ្ឌល ប្រសិនបើចាំបាច់។ មជ្ឈមណ្ឌលឯកសារកម្ពុជា ជឿជាក់ថា ការផ្តល់ជាឯកសារផ្សេងៗ តាមប្រព័ន្ធអនឡាញដល់អ្នកស្រាវជ្រាវទូទៅ នឹងលើកទឹកចិត្តឲ្យបុគ្គលទាំងនោះនៅផ្ទះ និងបង្កើនការអាន នៅក្នុងអំឡុងពេលនៃភាពវឹកវរនៃជំងឺរាតត្បាត ដោយនេះគឺជាសកម្មភាពសាមញ្ញ តែមានសារៈសំខាន់ក្នុងការចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩៕