(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្ត ដល់ប្រជាកសិករនៅតាមសហគមន៍ ឲ្យមានការចិញ្ចឹមត្រីសាច់ មាន់ ទា និងដាំបន្លែបង្ការផ្សេងៗ ដើម្បីសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ ពីប្រមុខរាជរដ្ឋាភិបាល មកប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសកសិករ រស់នៅក្នុងស្រុករលាប្អៀរ មានការផុលផុស ក្នុងការចាប់ផ្ដើម ដាំដុះ នូវដំណាំ រួមផ្សំ ដូចជាបន្លែបង្កា និងចិញ្ចឹមត្រី សត្វ ជ្រូក មាន់ ទា -ល- នៅតាមគេហដ្ឋាន និងដីស្រែចំការរបស់ពួកគាត់ ដែលមានសក្តានុពល ផ្នែកដំណាំកសិកម្ម និងការចិញ្ចឹមសត្វ បន្ទាប់ពីបង្កបង្កើនផលស្រូវវស្សារួចមក។

បងស្រីឈ្មោះ ជា គឹមសួ ជាកសិករ រស់នៅក្នុងភូមិជារៅ ឃុំរលារប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាកសិករគំរូ ប្រចាំភូមិ ក្នុងការចិញ្ចឹមមាន់ នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះវិស័យកសិកម្ម គ្រួសារគាត់បានចាប់យក មុខរបរចិញ្ចឹមមាន់ គឺដំបូងឡើយគាត់ បានចាប់ផ្ដើមចិញ្ចឹមមាន់ស្រែនេះ ដោយទិញកូនមាន់ពីគេ ចំនួនតែ៧០ក្បាលតែប៉ុណ្ណោះ ដើម្បីយកមកចិញ្ចឹមសាកល្បង។

បន្ទាប់ពីទទួលបានជោគជ័យជាបណ្ដើរៗ និងថែមទាំងបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ពីមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង រួមនឹងអង្គការជាដៃគូមួយចំនួនទៀត ដែលបានជួយជ្រុំជ្រែង បណ្ដុះបណ្ដាលដល់គ្រួសារគាត់ជាបន្ថែមរួចមក គាត់ក៏បានពង្រីកនៃការចិញ្ចឹមមាន់ស្រែនេះ ជាបន្ថែមទៀត។

បងស្រីបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ គឺគាត់ចិញ្ចឹមមេ និងបាមាន់ ដើម្បីបង្កាត់ពូជយកកូនលក់ ដោយមិនមានលក់មាន់សាច់នោះទេ មាន់របស់គាត់ទាំងមេ ទាំងបាសរុបមានជាង៤០០ក្បាល ក្នុងមួយខែគាត់អាចភ្ញាស់កូនមាន់ បានរហូតទៅដល់១៧០០កូន នៅពេលដែលធ្វើវ៉ាក់សាំងរួចរាល់ គាត់អាចលក់ចេញ ក្នុងមួយក្បាលពី៤០០០ ទៅ៥០០០រៀល មានរយៈពេល ដោយចាប់ពីថ្ងៃដែលកូន មាន់ញាស់ រហូតដល់កូនមាន់មានអាយុ២១ថ្ងៃ។

រីឯរបៀបបង្កាត់ពូជមាន់ គឺគាត់មិនបានឲ្យមាន់ឈ្មោលវាជាន់មេបែបធម្មជាតិនោះទេ គឺគាត់មានវិធីសាស្រ្តក្នុងការបង្កាត់ ដោយបូមយកទឹកកាម របស់មាន់ឈ្មោល ទៅចាក់បញ្ចូលមាន់ញី វិធីបែបវិទ្យាសាស្ត្រនេះ គឺទទួលបានផលល្អផងដែរ។

បងស្រី បានឲ្យដឹងទៀតថា អ្វីដែលជាការជំរុញ និងលើកទឹកចិត្តដល់គ្រួសារគាត់ ក្នុងការពង្រីកនៃការចិញ្ចឹមមាន់ បន្ថែមទៀតខាងលើនេះ គឺទទួលការណែនាំ ពីសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានលើកទឹកចិត្ត ដល់ប្រជាកសិករនៅគ្រប់ទីកន្លែង ឲ្យយកចិត្តទុកដាក់ក្នុងការបង្ក បង្កើនផលស្រូវ និងដាំបន្លែបង្ការផ្សេងៗ ក្នុងរដូវវស្សាដែលចូលមកដល់នេះ ជាពិសេសសម្ដេច ក៏បានលើកទឹកចិត្តឲ្យកសិករទាំងអស់ នាំគ្នាចិញ្ចឹមត្រី ជ្រូក មាន់ទាផងដែរ ដើម្បីផ្គត់ផ្គង់ ក្នុងគ្រួសារផង ក៏ដូចជាដើម្បីផ្គត់ផ្គង់ ទៅតាមតម្រូវការទីផ្សារផង ស្របពេលប្រទេសជាតិ កំពុងជួបវិបត្តិជំងឺកូវីដ-១៩នេះ។

តាមរយៈការផ្សព្វផ្សាយព័ត៌មាន របស់អង្គភាព Fresh News នេះផងដែរ បងស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលចង់ចេះអំពីវិធីសាស្ត្រ នៃការចិញ្ចឹមមាន់ស្រែ និងវិធីនៃការភ្ញាស់កូនមាន់ ក៏ដូចជាការធ្វើវ៉ាក់សាំងដល់កូនមាន់ ឲ្យមានសុខភាពល្អ តាំងពីចាប់ផ្ដើមញាស់ ដល់អាយុ១៤ថ្ងៃ រហូតដល់២១ថ្ងៃ ដែលល្មមចាប់លក់ ឬចាប់យកទៅចិញ្ចឹម ដោយមិនខ្លាចឆ្លងនូវជំងឺដង្កាត់ផ្សេងៗ និងវិធីថែទាំ ក៏ដូចជាការឲ្យចំណីមាន់បែបធម្មជាតិ ដែលធ្វើឲ្យមាន់មានការធំធាត់ បានយ៉ាងឆាប់រហ័ស និងមិនមានជំងឺដង្កាត់មកយាយីផងដែរ។

ឆ្លៀតឱកាសនេះដែរ បងស្រី ក៏សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវការមាន់សាច់ប្រភេទមាន់ស្រែពិតៗ ដើម្បីយកទៅធ្វើម្ហូបក្នុងកម្មវិធីផ្សេងៗ សូមធ្វើការទំនាក់ ទំនងមកបងស្រីដោយផ្ទាល់ បងស្រីនិងណែនាំដោយជូនទៅដល់ផ្ទះកសិករចិញ្ចឹមមាន់សាច់ នៅក្នុងភូមិរបស់បងស្រី ដែលពួកគាត់បានជាវយកកូនមាន់ពីបងស្រី យកទៅចិញ្ចឹមយកសាច់បន្ត ដែលបច្ចុប្បន្ននេះ មាន់ទាំងនោះ គឺល្មមចាប់លក់បានហើយ ដែលមានទំងន់ពី១.៣គីឡូក្រាម ទៅ១.៥គីឡូក្រាម ក្នុងមួយក្បាល ដោយលក់តម្លៃ ១៧០០០រៀល ក្នុងមួយគីឡូក្រាម បងប្អូនអាចទាក់ទងមកបងស្រីដោយផ្ទាល់ ដែលមានអាសយដ្ឋានក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយផ្ទាល់ក៏បាន ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់បងស្រី គឺ០៧០ ៤៨ ៧២ ៥១៕