(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជុំវិញខេត្ត ត្រូវណែនាំដល់ប្រជាពលរដ្ឋ ពីវិធានការត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចនឹងកើតមាន និងធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក និងឃុំ-សង្កាត់ ស្របតាមអនុក្រិត្យ១៨៨អនក្រ.បក ស្តីពីការៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។

លោក អ៊ុន ចាន់ដា ក៏បានក្រើនរំឮកឱ្យចាត់តាំងមន្ត្រីទទួលខុសត្រូវតាមវិស័យជាសេនាធិការឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងត្រូវត្រៀមលក្ខណៈ សហការជាមួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការប្រមូលទិន្នន័យព័ត៌មាន អំពីផលប៉ះពាល់ នៃគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀតត្រូវផ្តោត ការយកចិត្តទុកដាក់លើការងារ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។

ឆ្លៀតយកឱកាសនោះដែរ ដោយសារស្ថានភាព នៃជំងឺកូវីដ-១៩ បានកំពុងរីករាលដាលនៅ ទូទាំងសកលលោក ពិសេសព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវករណីនាំចូលថ្មីៗ ក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ លោកអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបន្តការអប់រំផ្សព្វផ្សាយអំពីវិធានការការពារនឹងទប់ស្កាត់នៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ដោយមិនត្រូវបន្ធូរដៃឡើយ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលឈប់សម្រាករយៈពេលរយៈពេល៥ថ្ងៃខាងមុខនេះ ដោយត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពិសេសត្រូវគ្រប់គ្រងប្រជាពលរដ្ឋដែលទើបនឹង វិលត្រឡប់មកពីបរទេស ក៏ដូចជាការគ្រប់គ្រងការធ្វើចត្តាឡីស័ក ឱ្យបានច្បាស់លាស់ផងដែរ៕