(ព្រៃវែង)៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ រស់នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក សឿង សុជាតិ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្ភ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ ដោយសារគ្រោះអគ្គិភ័យឆាបឆេះផ្ទះសំបែងនាពេលនេះ។

លោកអភិបាលស្រុក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តន៍អនាម័យ ឲ្យបានជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវមានការ ភ្លេចខ្លួននោះទេ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩នេះ។

អំណោយផ្តល់ជូននោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០០គីឡូ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាក្នុងមួយគ្រួសារ១លាន១៥ម៉ឺនរៀលផងដែរ៕