(កំពង់ចាម)៖ ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយក្រុមការងារ បាននាំយកអំណោយជាសម្ភារ និងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រ ជួបការលំបាក និងចាស់ជរា ចំនួន៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម និងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានថ្លែងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន លោកស្រីផ្ទាល់ជាពិសេស លោកស្រី ញូង ចរិយា ជាភរិយាលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះមកដោយ ដើម្បីបានសួរសុខទុក្ខ និងនាំនូវអំណោយ ជាទឹកចិត្តបន្តិចបន្តួច សម្រាប់បងប្អូន បានដោះទ័ល ក្នុងជីវភាព បានមួយគ្រាផងដែរ។

លោកស្រីអភិបាលរងខេត្ត បានបន្តថា សម្រាប់ពេលខាងមុខ បញ្ហាចំពោះមុខ សូមបងប្អូនខិតខំដោយខ្លួនឯង ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ម្យ៉ាងទៀតសូមចូលរួមថែទាំ និងធ្វើអនាម័យសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ព្រោះរដូវភ្លៀងធ្លាក់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីឆ្លង នៃជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ ក្នុងសកលលោក៕