(កណ្ដាល)៖ ផ្សារចុងសប្ដាហ៍ ត្រូវបានគេរំពឹងទុកថា នឹងអាចបង្កើនសេដ្ឋកិច្ចគ្រួសារ សំរាប់កសិករខេត្តកណ្ដាល បានមួយកម្រិត ព្រមទាំងទាក់ទាញភ្ញៀវទេសចរ បានមួយផ្នែកដែរ នៅគ្រាដែលពលរដ្ឋនាំគ្នាគាំទ្រ ហើយនិយាយដោយឡែកមួយទៀត ក៏ត្រូវតែមានការចូលរួមផងដែរ ពីកសិករនូវកសិផលរបស់ខ្លួន ដែលមានគុណភាពល្អ គ្មានដាក់ថ្នាំគីមី ព្រមទាំងតម្លៃអាចទទួលយកបានជាដើម ។

លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធផ្សារចុងសប្ដាហ៍ ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួម ពីលោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជាប្រធានគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច អេម (AIMS) មន្ទីរពាក់ព័ន្ធ ផលិតករ អាជីវករ និងប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

លោកស្រីបន្តថា ការចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុងសប្ដាហ៍ គឺបងប្អូនប្រជាពលរដ្ឋនឹងទទួលបាននូវបន្លែ សាច់ ប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ពិសេសវាបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅក្នុងស្រុក ព្រោះថា បន្លែដែលផ្សារចុងសប្ដាហ៍លក់ គឺជាផលិតផល របស់ប្រជាពលរដ្ឋនៅក្នុងស្រុកផ្ទាល់ ហើយទទួលបានការណែនាំបច្ចេកទេសនៃការដាំដុះ និងការចិញ្ចឹមត្រឹមត្រូវពីមន្ទីរជំនាញ។

លោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជាប្រធានគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច អេម (AIMS) បានឲ្យដឹងថា ផ្សារចុងសប្ដាហ៍នេះ បានក្លាយជាទម្លាប់ និងជាការសប្បាយរីករាយរបស់ប្រជាជនជាច្រើននៅទីក្រុង ព្រោះវាបានបង្កើតឱកាស ដល់អតិថិជនទាំងអស់ ដើម្បីបានសាកនូវផលិតផល ដែលមាន គុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ មានពាណិជ្ជសញ្ញា ធានាសុខុមាលភាពដល់អតិថិជន ជាងនេះវាបានបង្កើត ឲ្យមានការជឿទុកចិត្តគ្នា ទៅវិញទៅមករវាងអ្នកលក់ និងអ្នកទិញ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់អ្នកទាំងពីរ។

លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានឲ្យដឹងថា ការបង្កើតឲ្យមានផ្សារចុងសប្ដាហ៍នេះ គឺសម្រាប់ដាក់លក់ផលិតផល កសិផលមួយចំនួន ដូចជា បន្លែសរីរាង្គ បន្លែសុវត្ថិភាព សាច់មាន់ស្រែ ពងមាន់ និងអង្ករប្រណិតជាដើម ហើយបន្លែទាំងអស់សុទ្ធតែបានឆ្លងកាត់មន្ទីរពិសោធរបស់មន្ទីរកសិកម្ម តេសគ្មានសាធាតុគីមីទើបយកមកលក់។

លោកបន្តទៀតថា ផ្សារចុងសប្ដាហ៍នេះ នឹងបើកលក់ចាប់ម៉ោង៨៖៣០នាទី ដល់ម៉ោង៥ល្ងាច ដែលមានទីតាំនៅបរិវេណជុំវិញ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល រៀងរាល់ថ្ងៃចុងសប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕