(ព្រះវិហារ)៖ កូនឈើប្រណិតប្រភេទគ្រញូង និងបេងជាង៣០០០ដើម ត្រូវបានយកទៅដាំលើផ្ទៃដីជាង៣០ហិកតា ស្ថិតនៅចំណុចអូរទួលសុក្រម ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាដីទើបដកហូតថ្មីៗ ពីជនល្មើសដែលបានលួចទៅឈូសឆាយដីព្រៃអចិន្ត្រៃយ៍ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។

ពិធីដាំដើមឈើនេះ ស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក សុខ មុនីរិទ្ធ អភិបាលរងស្រុកឆែប ខណ្ណរដ្ឋបាលព្រៃឈើខេត្ត ផ្នែករដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើ ព្រមទាំងកងកម្លាំងទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោក ពឹង ទ្រីដា បានថ្លែងថា ដើម្បីឲ្យធនធានព្រៃឈើបានគង់វង្ស លុះត្រាតែសមាជិកសហគមន៍ព្រៃឈើ ត្រូវចូលរួមគ្រប់គ្រងទាំងអស់គ្នា និងមានការចូលរួម សម្របសម្រួលពីអង្កការក្រៅរដ្ឋាភិបាលនានា ដែលមានមូលនិធិស្ថាប័នរដ្ឋបាលព្រៃឈើ ដែលជាសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់សហគមន៍។

ប្រធានមន្ទីរបានបញ្ជាក់ថា ការដាំដើមឈើនៅពេលនេះ គឺដើម្បីស្តារព្រៃឈើឡើងវិញ និងជួយជាស្មារតីឲ្យមនុស្សយល់ដឹង ចេះចូលរួមថែរក្សាការពារ ប្រើប្រាស់ និងដាំដុះព្រៃឈើ និងដើម្បីចូលរួមអបអរសារទរ ពិធីបុណ្យរុក្ខទិវា៩កក្កដាផងដែរ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានថ្លែងនូវការកោតសរសើរ ដល់មន្ត្រីរដ្ឋបាលព្រៃឈើព្រះវិហារ ដែលបានសហការយ៉ាងល្អ ជាមួយអង្គការដៃគូក្នុងខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋាន ក្នុងដំណើរការធ្វើនិយ័តកម្ម និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ រហូតដល់ការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ ហើយបានខិតខំរកថវិកា ក្នុងការដាំកូនឈើបញ្ចូលទៅក្នុងពៃធម្មជាតិនាពេលនេះ។

លោក សុខ មុនីរិទ្ធ បានឲ្យដឹងថា កូនឈើប្រណិតជាង៣០០០ដើមនេះ គឺយកទៅដាំនៅទីតាំងដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋ ដែលក្រុមការងាររដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរស្រុកឆែបចុះដកហូត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ ក្រោយជនល្មើសបានចូលទន្ទ្រានឈូសឆាយ យកធ្វើជាកម្មសិទ្ធ ដូច្នេះដីនេះមិនមានការបាត់បង់ទេ ផ្ទុយទៅវិញពេលនេះ រដ្ឋបាលខេត្តបានដាំឈើឡើងវិញ និងមានគម្រោងដាំបន្តទៀត នៅពេលក្រោយផងដែរ៕