(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះតាមរយៈ Facebook សម្តេចតេជោបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការដាក់វិធានការថ្មីៗ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា តាមរយៈការសម្រេចជាបណ្តោះអាសន្ននូវជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលមកកម្ពុជា ដោយសារតែរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនច្រើន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះ កម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរ មកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ ១៥,៥៨១,០០៩ នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ៦៣៥,១៧៣ នាក់។ រីឯប្រទេសកម្ពុជាវិញ អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ ២២៥នាក់ អ្នកព្យាបាលជាមានចំនួន ១៤៣នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២នាក់។ ប្រទេសកម្ពុជាគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។

ជាមួយគ្នានេះដើម្បីការពារជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត។

សម្តេចក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងចៀសផុតពីជំងឺកូវីដ-១៩ នៅគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស៕