(ព្រះសីហនុ)៖ ខេត្តព្រះសីហនុ កំពុងរីកចម្រើនខាងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ដែលអ្នកជំនាញមើលឃើញថា ខេត្តព្រះសីហនុនាពេលអនាគតអាចក្លាយ ទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចទីក្រុងសិនជិន របស់ប្រទេសចិនយ៉ាងដូច្នេះដែរ។

អ្នកស្រី ហ្រ្គេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តជាប់សមុទ្រ ដែលមានសក្តានុពលប្រហាក់ប្រហែលទីក្រុងសិនជិន នៃខេត្តក្វាងទុង ប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេសដ៏ល្បីល្បាញលើពិភពលោក។

អ្នកស្រីបន្តថា ភាពអំណោយផលនេះ រួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់ របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើន មកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន។

អ្នកស្រីថ្លែងថា «ខេត្តព្រះសីហនុនាពេលអនាគត អាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូន ក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាសដែលបងប្អូនគួរចាប់យកអាជីពនេះ ដើម្បីក្លាយជាអ្នកឯកទេសដីធ្លី ប្រចាំខេត្តព្រះសីហនុ»

លោក ច្រឹក សុខនីម ប្រធានសមាគមទីភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា (CVEA) បានលើកឡើងថា ខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេលបីឆ្នាំចុងក្រោយនេះ សំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យ កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបន្តថា «សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននឹងទៅអនាគត»

ការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនេះ ធ្វើឡើងក្នុង ឱកាសដែលក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើសយកខេត្តព្រះសីហនុ ជាខេត្តដំបូងគេបង្អស់ បន្ទាប់ពីភ្នំពេញ ដើម្បីរៀបចំវគ្គបណ្តុះភាពជោគជ័យ ៣៨០០ នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់។

អ្នកស្រី ហ្រ្គេស រចនី បានលើកឡើងថា អាជីពក្នុងវិស័យដីធ្លីមានឱកាសល្អ ដោយសារកម្ពុជាជាប្រទេស មានការអភិវឌ្ឍន៍លឿន ហើយទទួលបានកំណើនវិនិយោគបរទេសជាប្រចាំ។
បន្ទាប់ពីខេត្តព្រះសីហនុទៅ ក្រុមហ៊ុនយើងនឹងធ្វើកម្មវិធីនៅទូទាំង ១៤ ខណ្ឌនៅភ្នំពេញ និង២៤ ខេត្តនៅទូទាំងប្រទេស ដើម្បីផ្តល់ឱកាសការងារ និងវិនិយោគដល់បងប្អូន នៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

លោក ច្រឹក សុខនីម បានឲ្យដឹងថា នៅពេលក្រុមហ៊ុន Century 21 Zillion Holding អាចចូលរួមបង្កើតអ្នកជំនាញ [ឯកទេសដីធ្លី] ឲ្យកាន់តែច្រើនក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់នៃការផ្តល់សេវាអចលនវត្ថុ ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

លោក ព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding ដែលបានចូលរួមក្នុងនាមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនេះ បានជំរុញដល់អ្នករស់នៅក្រុងព្រះសីហនុ ឱ្យចូលរួមការងារជាមួយ Century 21 Zillion Holding ដោយបញ្ជាក់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនមានម៉ាកយីហោអន្តរជាតិ និងមានកេរ្តិ៍ឈ្មោះល្អ។

លោកថ្លែងថា «ក្រុមហ៊ុនដែលមានយីហោដើមពីសហរដ្ឋអាមេរិក ចាត់ទុកជាក្រុមហ៊ុនដែលមានកាលីបខ្ពស់ មានកេរ្តិ៍ឈ្មោះល្អ ហើយមានការទទួលស្គាល់ជាសកល ដែលនេះបងប្អូនអាចមានឱកាសល្អបំផុត នៅពេលនេះគ្រាន់តែចុះឈ្មោះក្លាយ ទៅជាអ្នកឯកទេសដីធ្លីប្រចាំតំបន់ នៅតាមឃុំ សង្កាត់ដែល បងប្អូនឈរជើង»

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថា អាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពមួយដែលអាចជួយឱ្យសម្រេចបានភាពជោគជ័យក្នុងជីវិត ហើយអ្នកចូលរួមក្នុងអាជីពនេះ គួរពិចារណាផ្តោតលើទីផ្សារឱ្យជាក់លាក់ និងយល់ច្បាស់ពីតំបន់ដែលខ្លួនប្រកបរបរ។

លោកថ្លែងថា «ការដែលផ្តោតលើទីផ្សារដីធ្លីនេះ ព្រោះដីជាធនធានដែលកម្រ។ ម្យ៉ាងវិញទៀត ទីផ្សារដីធ្លីនេះវាទូលាយ សម្រាប់តម្រូវការវិនិយោគ ដូចជាតម្រូវការដីសម្រាប់ការវិយោគលើលំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងដីសម្រាប់ការធ្វើកសិកម្មជាដើម»

បន្ទាប់ពីការរៀបចំកម្មវិធីដោយជោគជ័យនៅភ្នំពេញ និងខេត្តព្រះសីហនុ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding នឹងបន្តធ្វើដំណើរទៅគ្រប់បណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសដើម្បីរៀបចំកម្មវិធីនេះ៕