(ឧត្តរមានជ័យ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែកតង់, កូនត្រីអណ្តែង, កូនកង្កែប និងចំណីជូនកសិករ៥០គ្រួសារ នៅភូមិត្របែក សង្កាត់ បុកស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយដែល បានមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខ ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកបន្ថែមថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ ក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ជូនកសិករ ក្នុងមួយគ្រួសារទទួលបាន តង់ផ្លាស្ទិក១, កូនត្រីអណ្តែង ៦០០ក្បាល, កូនកង្កែប៤៥០ក្បាល និងចំណី៧៥គីឡូក្រាម ដើម្បីអាចមានលទ្ធភាពបង្កើន ប្រាក់ចំណូល ជំរុញសន្តិសុខស្បៀង និងបង្កើតឱកាសការងារបន្ថែម ជូនប្រជាជនក្នុងឱកាសនៃ ជំងឺឆ្លងរាតដាលកូវីដ១៩នេះ។

លោកបញ្ជាក់ថា ក្រៅពីការជួយឧបត្ថម្ភគាំទ្រនេះ ក្រសួងក៏កំពុងជំរុញឱ្យគម្រោងដៃគូនានា បន្តការគាំទ្របន្ថែមទៀតទាំងសម្ភារៈ និងបច្ចេកទេស ដូចជាការដាំដុះបន្លែ និងចិញ្ចឹមសត្វផងដែរ។ លោកក៏បានផ្តាំផ្ញើឱ្យមន្រ្តីក្រោមឱវាទ បន្តតាមដានសកម្មភាពនេះ ឱ្យបានខ្ជាប់ខ្ជួន និងជួយផ្សារភ្ជាប់រវាងបណ្តុំកសិករចិញ្ចឹមទៅទីផ្សារផង ដើម្បីកាត់បន្ថយហានិភ័យអស្ថេរភាពតម្លៃ ព្រមទាំងផ្តាំផ្ញើដល់ប្រជាកសិករ ដែលមានសមត្ថភាពចិញ្ចឹមគ្រប់គ្រាន់ សូមបន្តចែករំលែកចំណេះដឹង ការចិញ្ចឹមនេះដល់អ្នកជិតខាង ដែលមានការចាប់អារម្មណ៍ផង។

ក្នុងនោះលោក សាក់ សារិន មន្ដ្រីបំរើការងារនៅមណ្ឌលបណ្តុះបណ្តាល កសិកម្មសហគមន៍ បានចាប់ផ្ដើមចិញ្ចឹមកង្កែប ពីឆ្នាំ២០១៩ ដោយទិញកូនចូលចំនួន៧០០ក្បាល បន្ទាប់មកបានលក់ចេញមួយចំនួន និងទុកធ្វើពូជខ្លះ។ បច្ចុប្បន្នបានរៀបចំកន្លែង (កៅស៊ូតង់) ចិញ្ចឹមកង្កែបចំនួន៦អាង និងអាងផលិតកូន មានមេបាចំនួន២៥ក្បាល និងមានកង្កែបសរុបប្រមាណ៣,០០០ក្បាល។

លោកឲ្យដឹងថា រយៈពេលបង្កាត់មួយខែកន្លះបង្កាត់ម្ដងៗ ពីពេលបង្កាត់ដល់កូនអាចលក់បាន រយៈពេលពី២៨ទៅ៣០ថ្ងៃ, កូនអាយុមួយខែលក់ចេញមួយក្បាលពី៣៥០រៀល ទៅ៤០០រៀល។

លោកបន្ថែមថា តាមរយៈការបណ្ដុះបណ្ដាល ,ការចែករំលែក និងទស្សនកិច្ចសិក្សាកន្លងមក មានកសិករច្រើនដែលចាប់អារម្មណ៍ ចំពោះការចិញ្ចឹមកង្កែបនេះ។ មណ្ឌលបានចែករំលែក បទពិសោធន៍ដល់កសិករ និងបានលក់កូនឲ្យកសិករចិញ្ចឹមសាកល្បងចំនួន២គ្រួសារ ចំនួន៣០០កូន៕