(ភ្នំពេញ)៖ ការបើកប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ សម្រាប់ខែមិថុនា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ។ ប្រជាពលរដ្ឋជាង ៥៣ម៉ឺនគ្រួសារ បានមកបើកប្រាក់ឧបត្ថម្ភនេះ ខណៈប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារមិនបានមកបើកប្រាក់នោះឡើយ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះសម្រាប់ខែមិថុនា ត្រូវបានបិទបញ្ចប់ត្រឹមម៉ោង៦យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីជូនព័ត៌មានបានឱ្យដឹងទៀតថា គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះ ដែលបានមកផ្ទៀងផ្ទាត់ ទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីមានចំនួន ៥៣០,៨៣៨គ្រួសារ គិតជាសមាជិកមានចំនួន ២,១៥៣,១១៤នាក់។ ក្នុងនោះគ្រួសារក្រីក្រកម្រិត១ មានចំនួន ១៩៨,៦៣១ គ្រួសារ ស្មើនឹងប្រមាណ ៧៥៨,៩៨១នាក់ និងគ្រួសារក្រីក្រកម្រិតរ២ មានចំនួន ៣៣២,២០៧គ្រួសារ ស្មើនឹងប្រមាណ ១,៣៩៤,១៣៣នាក់។

ក្នុងសេចក្តីជូនព័ត៌មាន បានឱ្យដឹងផងដែរថា ថវិការបស់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភជូនមានទឹកប្រាក់សរុបចំនួន ៩៤,៥៥១,៨៧៦,០០០រៀល ស្មើនឹងជាង ២៣លានដុល្លារអាមេរិក។

យោងតាមតួលេខដែលផ្សព្វផ្សាយដំបូងបានបង្ហាញថា មានគ្រួសារក្រីក្រ និងងាយរងគ្រោះរហូតដល់ទៅ ៥៦ម៉ឺនគ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ តែអ្នកដែលមកទទួលប្រាក់ឧបត្ថម្ភមានត្រឹមតែជាង ៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ។

លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន និងជាអ្នកប្រតិបត្តិការលើការងារបើកប្រាស់ឧបត្ថម្ភនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គ្រួសារដែលមិនបានមកបើកប្រាក់ឧបត្ថម្ភនេះ ភាគច្រើនគឺមិនមាននៅផ្ទះនោះទេ។ លោក សំហេង បុរស បានបញ្ជាក់ដោយយោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានថា គ្រួសារដែលមិនបានមកប្រាក់ឧបត្ថម្ភភាគច្រើន បានធ្វើចំណាកស្រុក។

បើតាមលោក សំហេង បុរស គ្រួសារដែលមិនបានមកបើកប្រាក់ឧបត្ថម្ភនេះ គឺស្មើនឹងមិនទទួលយកប្រាក់ឧបត្ថម្ភនេះ ហើយប្រាក់ចំណែករបស់ពួកគាត់នឹងត្រូវទម្លាក់ចូលកញ្ចប់ថវិកាជាតិវិញ សម្រាប់បើកទៅខែបន្ទាប់ទៀត។

ក្រោយពេលបិទបញ្ចប់ការបើកប្រាក់ឧបត្ថម្ភសម្រាប់ខែមិថុនា ហើយនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាប់ផ្តើមរៀបចំការបើកប្រាក់ឧបត្ថម្ភសម្រាប់ខែកក្កដា បន្តទៀត ចាប់ពីថ្ងៃទី២៥ ខែកក្កដា នេះតទៅហើយ។ ក្រសួងបានអំពាវនាវ គ្រួសារដែលបានផ្ទៀងផ្ទាត់នៅខែមិថុនារួចហើយ អញ្ជើញទៅបើកនៅតាមធនាគារឯកទេសវីងណាមួយ ដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់សាជាថ្មីទៀតទេ។

ដោយឡែកគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់នៅក្នុងខែមិថុនា និងគ្រួសារក្រីក្រ ដែលទើបទទួលបានបណ្ណសមធម៌ថ្មី ត្រូវអញ្ជើញទៅផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសម្រាប់ខែកក្កដា។

យោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលនឹងត្រូវបើកប្រាក់ឧបត្ថម្ភសម្រាប់ខែកក្កដា នេះ បានកើនឡើងដល់ប្រមាណ ៦១ម៉ឺនគ្រួសារ ដោយចំណាយថវិកាកើនដល់ជាង ២៨លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ១២៥លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភប្រចាំខែដល់ពួកគេ។ ដំណាក់កាលទី១ នៃការឧបត្ថម្ភនេះធ្វើឡើងនៅខែមិថុនា និងកក្កដា។ ក៏ប៉ុន្តែប្រសិនបើជំងឺកូវីដ១៩ មិនទាន់រលាយពីកម្ពុជាទេនោះ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភនៅខែបន្តបន្ទាប់ទៀត។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖

*ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

*ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

*ទី៣៖ តំបន់ជនបទ* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕