(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធមណ្ឌលវត្ត ព្រះពុទ្ធឃោសាចារ្យ (ហៅវត្តវត្តទួលតាហោ) ស្ថិតនៅឃុំគងជ័យ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ពុយ គា (សប្បុរសជន) ជាអ្នករៀបរៀងសៀវភៅ បណ្ឌិត អ៊ូ ចុង/ច្បាប់ក្រុមង៉ុយ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ និងអភិបាលរងស្រុក រួមទាំងលោក-លោកស្រី លោកតាលោកយាយ ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោក ចាយ បូរិន បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដ៏មានសារៈសំខាន់ ក្នុងពុទ្ធសាសនា គឺជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនព្រះធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេលប្រមាណជា៣ខែ។

លោក ចាយ បូរិន បានលើកឡើងថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ដើម្បីប្រមូលនូវបុណ្យកុសល្យទាំងឡាយ កើតចេញពីសទ្ធាជ្រះថ្លា ឧទ្ទិសជូនវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅកាន់សុគតិភព និងទីឋានដ៏គាប់ប្រសើរ ។

លោក ចាយ បូរិន គូសបញ្ជាក់ថា ទាំងនេះជាទំនៀមទម្លាប់មួយដ៏ល្អតាំងពីបុរាណកាលមក ដែលបង្ហាញពីការរួមសាមគ្គីគ្នារបស់ពុទ្ធបរិស័ទខ្មែរ ក្នុងការដង្ហែ និងនាំយកនូវទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមទីអារាមនានា និងរួបរួមគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លា ក្នុងជំនឿសាសនាចាប់យកនូវកុសល្យផលបុណ្យរៀងៗខ្លួន។

ឆ្លៀតក្នុងឳកាសនោះ លោក ចាយ បូរិន តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ (COVID-19) ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងនៅឡើយ។

សូមជម្រាបថា ទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ដែលលោក ចាយ បូរិន និងលោក រ័ត្ន វិរ: ព្រមទាំងសហការីទាំងអស់ បាននាំយកមកប្រគេនព្រះសង្ឃនៅទីអារាមមួយនេះ រួមមាន៖ ទៀនព្រះវស្សាចំនួន០១គូ សាដក់ចំនួន០៧កញ្ចប់ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ម៉ាស់ និងបច្ច័យមួយចំនួន ប្រគេនបច្ច័យកសាងវត្តមួយចំនួន ក៍ដូចជាចែកជូនដល់គណៈកម្មការអាចារ្យវត្ត លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រមាណជាង១០០នាក់ នៅសៀវភៅ ក្រុមង៉ុយ /សៀវភៅបណ្ឌិត អ៊ូ ចុង ក្នុងម្នាក់០១ក្បាល ទឹកអាល់កុល០១ដប ក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ៕