(ភ្នំពេញ)៖ ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានផ្ញើលិខិតមួយអបអរសាទរចំពោះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ប្រទានគោរមងារជា «បណ្ឌិតសភាចារ្យ» កាលពីពេលថ្មីៗនេះ។

ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានសរសេរថា៖ «យើងខ្ញុំទាំងអស់ជា ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការអបអរសាទរដ៏ឧត្តុង្គឧត្តម និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាស ដែលលោកជំទាវរដ្ឋមន្រ្តី ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាសបង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិតសភាកម្ពុជា និងប្រោសប្រទានគោរមងារជា «បណ្ឌិតសភាចារ្យ»

ទន្ទឹមនឹងការអបអរសាទរនេះ ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា ក៏បានជូនពរលោកស្រី ភឿង សកុណា ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុថែរក្សា និងការងារវប្បធម៌ជាតិផងដែរ។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៥រូប ដែលក្នុងនោះមាន លោកស្រី ភឿង សកុណា, លោក អ៊ុក រ៉ាប៊ុន, លោក ចន្ទ សារុន, លោក ជូ វិជិត្ត និង លោក ចន្ទ រ័ត្ន ផងដែរ៕