(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការរីករាលដាលជំងឺកូវីដ១៩ ក្រោយពេលកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីរហូតដល់២៣នាក់ ដែលជាករណីនាំចូល និងចាត់ទុកជាចំនួនដ៏ច្រើនមួយ។

លោកស្រី ឱ វណ្ណឌីន បានព្រមានថា៖ «លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៍ យើងមិនអាចមើលរំលងបានឡើយ។ ដូច្នេះហើយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហើយអំពាវនាវទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច»

លោកស្រីបានបន្ថែមថា៖ «ថ្ងៃនេះថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមាន វីរុសកូវីដ១៩ ចំនួន ២៣នាក់ទៀត ជាករណីនាំចូលក៏ពិតមែនតែវាជាចំនួនច្រើនណាស់ ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះសូមអ្នកដើរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ១៩នេះឲ្យសោះ»

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣ករណីថែមទៀត ដែលជាករណីនាំចូល តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា ខណៈដែលនៅថ្ងៃនេះដែរ មានអ្នកជំងឺ១នាក់បានជាសះស្បើយ។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់)។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕