(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈម សម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

កិច្ចប្រជុំត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្កពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ យុវជន និងសមាគមនារី សរុប១២០០នាក់។

បន្ទាប់ពីលោក អ៊ឹង គឹមលាង ប្រធានក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់រួចមក, លោក កែវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, លោក ម៉េង សក្តិធារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានស្រុកបាកាន, លោក ទី នរិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានស្រុកភ្នំក្រវាញ និងលោក ម៉ៅ ធនិន ប្រធានក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានក្រុងពោធិ៍សាត់ បានមានមតិចូលរួម ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រុមការងារនៅតាមមូលដ្ឋាននីមួយៗ។

ក្នុងកិច្ចប្រជុំនោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ក៏បានក្រើនរំលឹក និងបានផ្តល់អនុសាន៍ចំនួន១០ចំណុច ជូនដល់សមាជិក សមាជិកបក្ស ដើម្បីរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព រួមមាន៖

* ទី១៖ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពនៅមូលដ្ឋាន បង្កើនការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។
* ទី២៖ ពង្រឹង និងពង្រីក សមាជិកបក្ស និងនាំសមាជិកបក្សទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងចងក្រងក្រុមបក្សឡើងវិញ។
* ទី៣៖ ពង្រឹងការងារនយោបាយ ក្នុងស្រទាប់យុវជន (អប់រំ និងថែទាំ)។
* ទី៤៖ ចុះជួបជាមួយប្រជាជនឱ្យបានញឹកញ៉ាប់ ដោយបង្កើតកម្មវិធីដើម្បីគ្រប់គ្រងយុវជន។
* ទី៥៖ ធ្វើការប្រកបដោយតម្លាភាព បម្រើសេវាប្រកបដោយប្រសិទ្ធភាព កុំធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ។
* ទី៦៖ យកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដូចជាការដោះស្រាយទឹក និងស្បៀងជាដើម។
* ទី៧៖ ស្នើឱ្យក្រុមការងារទាំងអស់ បន្តចុះជួបប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ឱ្យបាន១ដង ក្នុង១ខែ ដើម្បីបានដឹងពីបញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។
* ទី៨៖ បន្តផ្សព្វផ្សាយជាប្រចាំ ពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
* ទី៩៖ ត្រូវបន្តអនុវត្តន៍ការងារ ដែលនៅសេសសល់ពីឆមាសទី១។
* ទី១០៖ ធ្វើការបូកសរុបរបាយការណ៍ ដែលបានអនុវត្តន៍កន្លងមកជូនថ្នាក់ជាតិ៕