(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល និងសហការី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បញ្ញវន្តរូបនេះ បានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើម ពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្ន លោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូន បានចំណូលប្រចាំខែប្រមាណ២,០០០ដុល្លារអាមេរិក។

លោក គង់ គឹមឆាយ បានបញ្ជាក់ជូន លោករដ្ឋមន្រ្តី វេង សាខុន ថា បញ្ហាក្នុងការចិញ្ចឹមកង្កែប គឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរដល់លោក ដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមនេះ ទទួលបានជោគជ័យ ហើយលោករដ្ឋមន្រ្តី ក៏បានចាត់ឲ្យរដ្ឋបាលជលផល បញ្ជូនមន្រ្តីបច្ចេកទេសមកបង្រៀនកសិករ ពីរបៀបលាយចំណីដោយខ្លួនឯង តាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕