(ភ្នំពេញ)៖ ដើម្បីអនុវត្តតាមការណែនាំដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងអន្តរាគមន៍៣០នាក់ ប្រជុំជួរ និងធ្វើការត្រួតពិនិត្យលើឯកសណ្ឋានឈុតប្រយុទ្ធថ្មី ជាអំណោយរបស់ ឧត្តមសេនីយ៍ស្នងការ ដែលទើបប្រគល់ជូនដល់កងកម្លាំងអន្តរាគមន៍ទាំង១៤ខណ្ឌ នាពេលថ្មីៗនេះ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានឲ្យដឹងដែរថា កម្លាំងអន្ដរាគមន៍ទាំង៣០នាក់ ធ្វើការប្រជុំជួរ និងដើម្បីត្រួតពិនិត្យលើឯកសណ្ឋានថ្មីឲ្យមានរបៀបរាបរយ ជាពិសេសរង់ចាំទទួលបទបញ្ជា និងល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តា អធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់។

នៅក្នុងឱកាសនេះក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ សរុបកម្លាំងទាំងអស់ចំនួន៦៥២នាក់ ។ ការជួបជុំនេះដើម្បីផ្តល់ជូន អាវពន្លឺចំនួន ១,០០០ អាវ ភ្លើងបំភ្លឺបំពាក់លើស្មាចំនួន៥០០ ដែលជាអំណោយឧបត្ថម្ភរបស់មិត្តចិន និងឈុតសម្លៀកបំពាក់អន្តរាគមន៍ចំនួន ៤៧០ឈុត ដើម្បីចែកជូនក្រុមអន្តរាគមន៍ក្នុងមួយខណ្ឌទទួលបានចំនួន ៣០ឈុតសម្រាប់៣០នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ មានមតិណែនាំល្អៗជាច្រើនដល់កម្លាំងទាំងអស់ដូចជា៖

* ទី១៖ ក្នុងនាមជាកងកម្លាំងត្រូវតែគោរពវិន័យ មានសីលធម៌ មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ
*​ ទី២៖ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ
* ទី៣៖ តាមបណ្តាខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវតែកែសម្រួលទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានីភ្នំពេញ
* ទី៤៖ កងកម្លាំងទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់៕