(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលវរព្រំដែនគោល ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ដល្បាតតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងភូមិសាស្ដ្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត, លោក សួង សៅ មេបញ្ជាការនគរបាលវរព្រំដែនគោក៨១៥ បានចាត់កងកម្លាំងនគរបាលចុះល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ពីចំណុច ០២២០០៣១-១៥០០៨៧២ (IN1960) ស្ថិតក្នុងភូមិចាន់គីរី ដល់ចំណុច០២១៧៧៩៦-១៥០១៣៣៨ (IN1960) ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយឡែក កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃបានចុះល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនចាប់ពីចំណុច (IN1960) ០២១៧៤៤៤-១៥០១២៥៦ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដល់ចំណុច (IN1960) ០២១៤៩៩៨-១៥០១៦៧៤ ក្នុងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាទ្បៃ។

លោក សួង សៅ បានគូសបញ្ជាក់ថា ការចុះល្បាតជាប្រចាំរបស់កម្លាំងនគរបាល គឺក្នុងគោលបំណងទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានឡើង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសទប់ស្កាត់ពលករខ្មែរមិនអនុញ្ញាតឲ្យឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់ ខណៈនៅប្រទេសថៃ ក៏កំពុងទប់ស្កាត់ជំងឺកូវីដ-១៩ នេះដូចគ្នាផងដែរ។

ជាមួយគ្នានេះ លោក សួង សៅ ក៏បានផ្តាំផ្ញើដល់ពលករខ្មែរ កុំចាញ់បោកមេខ្យល់បន្តទៅទៀត ខណៈបច្ចុប្បន្នការឆ្លងដែនចូលទៅក្នុងទៅដីថៃ គឺមិនអនុញ្ញាតឡើយ។ បន្ថែមពីនេះ រថយន្តតាក់ស៊ីនៅប្រទេសថៃ ក៏មិនហ៊ានដឹកពលករខ្មែរនោះឡើយ ព្រោះបើរថយន្តតាក់ស៊ីណាហ៊ាន ដឹកមនុស្សដោយគ្មានការពិនិត្យសុខភាពត្រឹមត្រូវ នឹងរងនូវការផាកពិន័យ។

លោកមេបញ្ជាការ ក៏មិនភ្លេចផ្តាំផ្ញើដល់កងកម្លាំងត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តបទបញ្ជារបស់ថ្នាក់លើដែលបានណែនាំ និងអប់រំបន្ដដល់ប្រជាពលរដ្ឋ ត្រូវចាំការពារសុខភាព រក្សាអនាម័យ បានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ-១៩៕