(កណ្ដាល)៖ បញ្ជាការដ្ឋានអង្គរក្ស បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន និងប្រគល់វិញ្ញាបនបត្រក្បាច់គុនយុទ្ធក្រមខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង នៃកងអន្ដរាគមន៍៥៩៤ ដែលជាការដ្ឋានអង្គរក្សការពារគោលដៅរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ដួង ហេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស។

ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានគូសបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលកងអន្តរាគមន៍៥៩៤ បានដាក់បញ្ចូលកម្មវិធី យុទ្ធក្បាច់គុនយុទ្ធក្រមខម ក្នុងកម្មវិធីហ្វឹកហ្វឺនសំដៅលើកម្ពស់សមត្ថភាពសម្បទារឹងមាំរបស់យោធិន ក្នុងតួនាទីភារកិច្ច ពិសេសចូលរួមចំណែករក្សាកេរ្ដិ៍ដំណែលសម្បត្តិវប្បធម៌ជាតិ ក្បាច់គុនបុរាណខ្មែរដែលជាមរតកអមតៈ មិនអាចខ្វះបានស្នាដៃបុព្វបុរសខ្មែរ។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់បន្ថែមថា ក្រៅពីយុទ្ធគុនថ្មីនេះ គ្រូបង្វឹកបានហ្វឹកហ្វឺនលើមុខជំនាញដទៃទៀត សំដៅពង្រឹងពង្រីកលើកកម្ពស់សមត្ថភាពឲ្យកាន់តែមានគុណភាព ក្នុងកិច្ចការចូលរួមកិច្ចសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការប្រឆាំងទប់ស្កាត់ ការបម្រែបម្រួលសន្តិសុខប្រទេស។

ការពារសន្តិភាពប្រឆាំងដាច់ខាតចំពោះបដិវត្តពណ៌រូបភាពពង្រឹងប្រៀបការពារជាតិ សន្តិសុខការពារបូរណភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទៅទៀតនោះ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារឲ្យសម្រេចបាន១០០ភាគរយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង និងលោក យូ ស៊ីណាត បានវាយតម្លៃខ្ពស់ និងកោតសរសើរជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងអន្តរាគមន៍ ៥៩៤ នៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពិសេសរកគ្រប់វិធីសាស្រ្តនានា ក្នុងការបណ្ដុះបណ្ដាល ក៏ដូចជាបំប៉ននូវសតិអារម្មណ៍ ជូនដល់កងកម្លាំងមានសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក ដួង ហេង បានបន្តថា ក្បាច់យុទ្ធគុនថ្មីនេះ មិនមែនបម្រើឲ្យការវាយប្រយុទ្ធគ្នារវាងជាតិសាសន៍យើងទេ តែដើម្បីជាថាមពល និងបញ្ញាញាណសម្រាប់ប្រជាជាតិទាំងអស់ ក្នុងការរក្សាសុខភាព ក្នុងការរក្សាសុខភាព និងថាមពលដល់កងកម្លាំងយើង។ បន្ទាប់មកគណៈអធិបតី បានអញ្ជើញចែកវិញ្ញាបនបត្រ ជូនដល់សិក្ខាកាម និងជូននូវថវិកាមួយចំនួនផងដែរ៕