(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពអាជីវករលក់ដូរក្នុងផ្សារបឹងកុក និងផ្សាធំ ក្រុងកំពង់ចាម។

ខណៈក្រុមអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យអំពីស្ថានភាពរបស់អាជីវករលក់ដូរក្នុងផ្សារបឹងកុក ក៏មានអាជីវករមួយចំនួន បានសំណូមពរសាងសង់ទ្វាររូត ដើម្បីសម្រួលដល់ការថែរក្សាទំនិញ របស់ខ្លួនប្រចាំថ្ងៃ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានក្រុមអាជីវករមួយចំនួនទៀត បានជំទាស់ដោយហេតុថា ការធ្វើទ្វារបិទបាំងនោះបង្កឱ្យមានការហប់ខ្យល់ ក្តៅ និងមានស្ថានភាពផ្លូវឆ្លងកាត់ កាន់តែតូចចង្អៀត ពិបាកនៅក្នុងការធ្វើដំណើរ និងប៉ះពាល់ដល់សុខភាពអ្នកលក់ដូរដូចគ្នាក្នុងផ្សារបឹងកុកនេះផងដែរ។

យ៉ាងណាក៏ដោយ ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ អាជ្ញាធរខេត្ត មិនទាន់ធ្វើការសម្រេចយ៉ាងណានោះទេ ព្រោះរង់ចាំធ្វើការសិក្សាតាមរយៈមន្ត្រីជំនាញសិន។

គួរបញ្ជាក់ថា ចំពោះផ្សារបឹងកុក អាជ្ញាធរខេត្តកំពង់ចាមមានគម្រោងសាងសង់ដំបូលសម្រាប់ សម្រួលដល់ក្រុមអាជីវករលក់ដូរ ដែលជាការចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕