(កំពង់ឆ្នាំង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេស រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើ សកម្មភាពអន្តរាគមន៏យ៉ាងសកម្មមមាញឹក ក្នុងការជួយភ្ជួររាស់ ដីស្រែ ស្រូវរដូវវស្សា ជូនប្រជាកសិករ នៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការងារភ្ជួររាស់ដីស្រែជូនប្រជាកសិករ របស់ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាស់ នៅក្នុងមូលដ្ឋាននេះ បានដំណើរការពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយសម្រេចទទួលបានលទ្ធផលចំនួន ៨ហិកតា។

ក្រុមសម្តេចឪ បានគោរពទៅតាមគោលការណ៏ណែនាំ របស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪ ដែលសម្តេចចៅហ្វាវាំងតែងតែខិតខំយកអស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ គោរពដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែមានព្រះរាជហឬទ័យទុកដាក់ជានិច្ច ចំពោះសុខ ទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ជាពិសេស នៅក្នុងរដូវបង្កបង្កើនផលជារៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ ប្រោស ព្រះរាជទាន ដល់ក្រុមសម្តេចឪ ជួយភ្ជួររាស់ដីជូនបងប្អូនដែលគ្មាន គោ ក្របី ឬឧបករណ៏ សម្រាប់បម្រើអោយការងារអូសទាញ ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលបាន ទាន់ពេលវេលា និងទទួលបានលទ្ធផលខ្ពស់។

ក្នុងដំណើរអញ្ចើញចុះបំពេញការងាររបស់សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ប្រធានក្រុមស្តេចឪ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាននេះ ដែលបានអញ្ជើញមកស្វាគមន៏ អបអរសាទរ ចំពោះសកម្មភាពការងារដ៏ល្អប្រពៃ របស់មន្ត្រីបុគ្គលិក ក្រុមសម្តេចឪ ព្រមទាំងធ្វើការសាបព្រោះ លើដីស្រែរបស់បងប្អូនផងដែរ ។

សម្តេចចៅហ្វាវាំង បានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និង ព្រះរាជហឬទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួត ជាទីស្នេហា របស់ព្រះអង្គគ្រប់រូប ដែលព្រះអង្គទាំងទ្វេមានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះការងារបង្កបង្កើនផល របស់ កសិករជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងប្រទេស ។

ហេតុនេះហើយព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាង ត្រាស់បង្គាប់សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឪ ធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែ ជូនប្រជាកសិករ នៅគ្រប់រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលទាន់ពេលវេលា និងទទួល បាន ភោគផលច្រើន។

ប្រជារាស្ត្រជាម្ចាស់ស្រែ ជាកូនចៅ ចៅទួត រស់នៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង ឧត្តមនេះ និងសូមថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀង ឃ្លាត ដើម្បីកូនចៅ ចៅទួត បានជ្រកកោននៅក្រោមម្លប់ ព្រះតេជៈ បារមីដ៏ត្រជាក់ត្រជុំ នៃព្រះអង្គជារៀងរហូតតទៅ។

ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសលដ៏ថ្លៃថ្លាក្នុង ពេលនេះថ្វាយចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខ ក្នុងព្រះបរមសុគតិភព ប្រកបដោយព្រះបរមសុខ ក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕