(ភ្នំពេញ)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានផ្ញើលិខិតអបអរសាទរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដែលលោកស្រីត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជាជូនលោកស្រីជា «បណ្ឌិតសភាចារ្យ»។

បើយោងក្នុងលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ហង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសដែលលោកស្រី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជាជូនលោកស្រីជា «បណ្ឌិតសភាចារ្យ»។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៥រូប ដែលក្នុងនោះមាន លោកស្រី ភឿង សកុណា, លោក អ៊ុក រ៉ាប៊ុន, លោក ចន្ទ សារុន, លោក ជូ វិជិត្ត និង លោក ចន្ទ រ័ត្ន ផងដែរ៕