(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងឱ្យរដ្ឋបាលខណ្ឌ៧មករា និងការិយាល័យជំនាញផ្នែកសំណង់ចុះពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ទល់មុខអគារ BS ខណ្ឌ៧មករា រួចហើយ ពាក់ព័ន្ធនឹងករណីធ្វេសប្រហែសធ្វើឱ្យធ្លាក់ថ្មត្រូវរថយន្តមួយគ្រឿង ដែលចតនៅខាងក្រោមនោះ។

លោក មាសភក្តី បានអះអាងថា បន្ទាប់ពីទទួលបានដំណឹងអំពីករណីធ្លាក់ថ្មចេញពីការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា រាជធានីភ្នំពេញ អាជ្ញាធរបានចុះដោះស្រាយ ដោយណែនាំឱ្យម្ចាស់សំណង់រៀបចំប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត ធ្វើយ៉ាងណាកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀត។

លោកបានរំលឹកថា ពាក់ព័ន្ធនឹងអគារស្ថិតនៅចំណុចកែងវិថីព្រះមុនីវង្ស និងវិថីកម្ពុជាក្រោមនេះ កាលពីខែមីនា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីដំណឹងអំពីស្ថានភាព នៃភាពចាស់ទ្រុធទ្រោម នៃសំណង់អគារទាំងនោះ ដោយសារតែកន្លងមកមិនមានការថែទាំ និងជួសជុលឱ្យបានល្អប្រសើរឡើងវិញ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែល រស់នៅក្នុងអគារ និងក្រោមអគារ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះអគារចំណាស់ទាំងនោះ ដែលភាគច្រើនសង់នៅអំឡុងឆ្នាំ១៩៥០ ដើម្បីបញ្ចៀសបាននូវឧប្បទ្ទហេតុដែលអាចកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីធ្លាក់បំណែកថ្ម១ដុំធំ ចេញពីការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា បណ្តាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលចត់នៅខាងក្រោមនេះ ខូចខាតយ៉ាងដំណំ តែសំណាងល្អការធ្លាក់ថ្មនេះ ពុំបានធ្វើឱ្យមនុស្សណាម្នាក់រងគ្រោះឡើយ៕