(ភ្នំពេញ)៖ សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។

ការផ្តល់ជូនពិសេសនេះ គឺជាកាដូ ដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នង ជូនដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការ ការគាំទ្របន្ថែម នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។

នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ (ទី២៥ និង២៦ ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារ ក្នុងប្រព័ន្ធដោយឥតកំណត់។

អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែ ជាអតិថិជនសកម្មរបស់គម្រោងមួយនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឲ្យយកទិន្នន័យ នៅសល់ទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី៤ ដោយឥតគិតថ្លៃសម្រាប់គម្រោង៥,០០០រៀល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យនៅទូទាំងប្រទេសកម្ពុជា។

លោកថា «តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្តអារម្មណ៍ និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ»

លោកបន្ដទៀតថា «តាមរយៈការផ្តល់ជូនកាដូចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឲ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិត ប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយការកំសាន្តតាមអនឡាញ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់»

លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឲ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញ និងការសន្ទនាជាវីដេអូ ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។

ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្ម នៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។

កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឲ្យវិស័យទេសចរណ៍ក្នុងស្រុក មានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាព ដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមី និងភរិយាផងដែរ។

កម្មវិធីប្រូម៉ូសិនពិសេសនេះ មានផ្តល់ជូននូវកញ្ចប់ ដំណើរកំសាន្ត ចំនួន១១រង្វាន់ដោយក្នុងនោះរួមមាន ទាំងរង្វាន់ពិសេស ដែលជាការស្នាក់នៅរយៈពេល២យប់ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញផងដែរ៕