(ភ្នំពេញ)៖ លោក ថោ គឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូពុទ្ធសាសនបណ្ឌិត្យ បំពេញទស្សនកិច្ចមជ្ឈមណ្ឌលវប្បធម៌ចិន នៅក្នុងរាជធានីភ្នំពេញ។ ដំណើរបំពេញទស្សនកិច្ចនេះធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងពុទ្ធសាសនបណ្ឌិត្យ និងមជ្ឈមណ្ឌលវប្បធម៌ចិននៅរាជធានីភ្នំពេញ។

លោក ថោ គឿន និងប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិននៅរាជធានីភ្នំពេញ។ លោក ថោ គឿន ក៏បានថ្លែងអំណរគុណលោកបណ្ឌិត ជា មុនីឫទ្ធិ ទីប្រឹក្សាមជ្ឈមណ្ឌលវប្បធម៌ចិននៅភ្នំពេញ និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានជួយសម្របសម្រួលដំណើរទស្សនកិច្ចនេះ។

លោក ថោ គឿន និងប្រតិភូ ត្រូវបានលោក ឈាន យានកាង អញ្ជើញទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ចិន និងបានបង្ហាញសមិទ្ធផលការងារមួយចំនួន ដែលមជ្ឈមណ្ឌលសម្រេច ដើម្បីជាការរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក ថោ គឿន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលបានផ្តួចផ្តើមឡើងដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រីចិន ជូ អេងឡាយ នៅឆ្នាំ១៩៥៨។ លោកក៏បានលើកបង្ហាញពីការវិវឌ្ឍន៍យ៉ាងល្អប្រសើរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំរបស់ចិន។

លោកអនុរដ្ឋលេខាធិការរូបនេះ បានលើកឡើងថា តាមរយៈការថែទាំ និងពូនជ្រុំដោយមេដឹកនាំនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីការគូសរំលេច និងរំលឹកនូវប្រវត្តិសាវតារនៃទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធផលដែលសម្រេចបានហើយនោះ លោក ថោ គឿន បានបង្ហាញនូវបំណងចង់ឃើញពុទ្ធសាសនបណ្ឌិត្យ និងមជ្ឈមណ្ឌលវប្បធម៌ចិនក្នុងរាជធានីភ្នំពេញ បង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នាឱ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ លោក ថោង គឿន បានផ្តល់នូវទស្សនទានចំនួន៤រួមមាន៖

១៖ ពុទ្ធសាសនបណ្ឌិត្យ និងមជ្ឈមណ្ឌលវប្បធម៌ចិន គួរចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្រោយពេលដែលពុទ្ធសាសនបណ្ឌិត្យព្រាងនូវខ្លឹមសាររួម ដោយជជែកជាមួយនឹងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ដើម្បីឆ្លងមកខ្ញុំ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំការសម្រេច។

២៖ គួររៀបចំសិក្ខាសាលារួមគ្នា ដើម្បីផ្សព្វផ្សាយពីទំនាក់ទំនងជាប្រពៃណីរវាងប្រជាជន និងប្រជាជននៃប្រទេស យើងទាំងពីរ ជាពិសេសទំនាក់ទំនងព្រះពុទ្ធសាសនា។

៣៖ គួរផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការ និងសាសនានិយាយរួម ពុទ្ធសាសនបណ្ឌិត្យនិយាយ ដោយឡែក បានទៅបំពេញទស្សនកិច្ចឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតពីវប្បធម៌ចិននិងពីការងារបណ្ណាល័យ ហើយបើមានឱកាសក៏អាចទស្សនកិច្ចបន្ថែមទៀតនៅបណ្ណាគារស៊ីងជឺ។

៤៖ គួរមានការរៀបចំបើកវគ្គបណ្ដុះបណ្ដាលភាសាចិន-ខ្មែរ ថ្នាក់ដំបូង នៅក្នុងពុទ្ធសាសបណ្ឌិត្យ ដើម្បីងាយស្រួលក្នុង ទំនាក់ទំនងគ្នាទៅវិញទៅមក លើវិស័យរវាងវប្បធម៌នៃប្រទេសទាំងពីរ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ហើយទៅថ្ងៃអនាគតគួរពង្រីកការស្រាវជ្រាវរួមគ្នានិងបោះពុម្ពផ្សាយឱ្យបានទូលំទូលាយ។

លោក ថោ គឿន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ទស្សនទាន ក៏ដូចជាសំណើទាំង៤ ដែលបានលើកឡើងនេះ ត្រូវបានលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិននៅរាជធានីភ្នំពេញ យល់ព្រមយកទៅពិចារណា ហើយនឹងឆ្លើយតបវិញក្នុងពេលឆាប់ៗខាងមុខនេះ៕