(បន្ទាយមានជ័យ)៖ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំបូកសរុបការងារ បរិស្ថានឆមាសទី១ និងលើកទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាព ការងារបរិស្ថានក្នុងខេត្ត។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោកស្រី ម៉ុម ថានី រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ, លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ និងរដ្ឋបាលក្រុង ស្រុក ទាំង៩។

ក្នុងឱកាសនោះ លោក យឹម លី បានថ្លែងថា យើងទាំងអស់គ្នា ត្រូវនាំគ្នាចូលរួមធ្វើអនាម័យ និងសំអាតបរិស្ថាននៅក្នុងទីផ្សារ ទីសាធារណៈ ទីកន្លែងកំសាន្ត សាលារៀននៅជុំវិញផ្ទះ ដោយដាក់សំរាម ឬវេចខ្ចប់ទុកដាក់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ។

លោកបានបញ្ជាក់ថា មិនត្រូវដុតសំរាម ដើម្បីបំបាត់វាចោលទេ ព្រោះវាបណ្តាលឲ្យមានការបំពុលខ្យល់ និងអាចប៉ះពាល់ដល់សុខភាព មនុស្សសត្វ ព្រមទាំងថែរក្សាការពារ ទ្រព្យសម្បត្ដិសាធារណៈ ដែលទាក់ទងទៅនិងសំណល់ រឹង រាវ ជាដើម។

លោក យឹម លី បានបន្តទៀតថា មន្ទីរបរិស្ថានខេត្ត ចំណុះឲ្យក្រសួងបរិស្ថាន ទទួលខុសត្រូវក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៃតំបន់ធម្មជាតិព្រមទាំងធ្វើការ ទប់ស្កាត់កាត់បន្ថយការបំពុលបរិស្ថាន។

លោកថា មន្ត្រីបរិស្ថានមានភារកិច្ច អប់រំផ្សាយ និងពិភាគ្សាផ្តល់យោបល់ព័ត៌មាន អំពីបរិស្ថានឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ និងជំរុញឲ្យមានការចូលរួម គាំទ្រពីមជ្ឈដ្ឋានព្រមទាំងអនុវត្តរាល់គោលនយោបាយ ផែនការបរិស្ថានជាតិប្រព័ន្ធច្បាប់លិខិតបទដ្ឋានគតិយុទ្ធ។

លោក អោម ចន្ថា បានថ្លែងថា សព្វថ្ងៃនេះ គេឃើញមានសំរាម នៅរាយប៉ាយពេញ នៅក្នុងទីប្រជុំជន ដូច្នេះក្រុមម៉ៅការអនាម័យភាស្សីផ្សារ ត្រូវទទួលខុស ត្រូវការបោសសំអាតជាប្រចាំ និងត្រូវមានវិធានការលាងសំអាតផ្សារ ឲ្យបានស្អាតល្អជារៀងរាល់ថ្ងៃ។

លោកថា ក្រុមម៉ៅការដឹកជញ្ជូនសំរាមតាមស្រុកក្រុង ត្រូវមានផែនការប្រមូលដឹកជញ្ជូនសំណល់រឹង សំរាម ឲ្យបានទាន់ពេលវេលា ដើម្បីយកទៅចាក់ ឲ្យដល់ទីលានចាក់សំរាម ដាច់ខាតមិនត្រូវបន្សល់ទុកគំនរសំរាម នៅតាមដងផ្លូវនិងទីសាធារណៈ កុំឲ្យមានសេសសល់ឡើយ។

លោក អោម ចន្ថា បានបញ្ជាក់ទៀតថា គ្រប់មន្ទីរអង្គភាព គ្រប់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងភូមិត្រូវនាំគ្នា ចូលរួមលុបបំបាត់ភក់ជ្រាំ ដែលជាជម្រកសត្វមូស និងសំអាតសំណល់រឹងរាវ កាប់ល្បាស់ព្រៃជិតផ្ទះ នៅតាមដងផ្លូវលំ ផ្លូវជាតិដែលបាំងផ្លូវការធ្វើចរាចរណ៍ ទៅមកជាដើម៕