(ស្វាយរៀង)៖ វគ្គហ្វឹកហាត់ជំនាញបច្ចេកទេសអគ្គិភ័យ និងសង្គ្រោះ ដល់កម្លាំងជំនាញ និងក្រុមប្រជាការពារស្ម័គ្រចិត្ត ត្រូវបានធ្វើឡើងនៅទីធ្លាតារាងបាល់បោះនៃ វិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និងលោកវរៈសេនីយ៍ឯក ប្រាក់ ជុត ស្នងការរងនគរបាលខេត្ត។

ពិធីនោះ ក៏មានការចូលរួម ពីលោក សួស សារិន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងលោកអធិការនគរបាលក្រុង លោកមេបញ្ជាការ កងរាជអាវុធហត្ថក្រុង ក្រុមគ្រូបង្គោល នៃស្នងការដ្ឋាននគរបាលខេត្ត និងប្រជាការពារស្ម័គ្រចិត្ត សរុបវត្តមានចំនួន២៤៦នាក់ ស្រី១នាក់ ក្នុងនោះ កម្លាំងប្រជាការពារ ២១៥នាក់។

លោក សួស សារិន បានឲ្យដឹងថា ការបើកវគ្គហ្វឹកហាត់ជំនាញបច្ចេកទេសអគ្គិភ័យ និងសង្គ្រោះ ដល់កម្លាំងជំនាញ និងក្រុមប្រជាការពារស្ម័គ្រចិត្ត គឺរួមគ្នាបង្ការទប់ស្កាត់ កុំឲ្យមានកម្ទេចភ្លើងក្លាយជាអគ្គិភ័យ ដែលនាំឲ្យមហន្តរាយដល់អាយុជីវិតទ្រព្យសម្បត្តិ និងបរិស្ថាន។

លោកបានបន្តថា ការបើកវគ្គផ្សព្វផ្សាយនេះ ធ្វើឡើងតាមផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ និងមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មាន២ចំណុចដែលសំខាន់ គឺបង្ហាត់បង្រៀនអគ្គិភ័យកាតព្វកិច្ច និងអគ្គិភ័យស្ម័គ្រចិត្ត ដែលយកចេញពីប្រជាការពារ ក្នុងខេត្តស្វាយរៀង ដោយក្នុងមួយភូមិ៥នាក់ យកជាក្រុមអគ្គិភ័យស្ម័គ្រចិត្តតែម្តង ដើម្បីហ្វឹកហ្វឺនបង្ហាត់បង្រៀន ដល់ក្រុមអគ្គិភ័យស្ម័គ្រចិត្តនៅទូទាំងខេត្ត ហើយនៅពេលខាងមុខនេះ នឹងធ្វើនៅក្រុងបាវិតបន្តទៀត៕