(ក្រចេះ)៖ អណ្តូងទឹកស្អាតចំនួន១៧ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ចំនួន២ស្រុក ក្នុងខេត្តក្រចេះ គឺស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សរុបចំនួន៣៨៤គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ។

លោក វ៉ា ថន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំពុះ ត្រូវលាងដៃ និងមុជទឹកឱ្យបានស្អាតជាប្រចាំ មុនពេលបរិភោគអាហារដើម្បីបង្ការជំងឺផ្សេងៗ។

លោក វ៉ា ថន ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសូមឱ្យអ្នកទទួលផលអណ្តូង ទឹកទាំងអស់ត្រូវ ចូលរួមថែរក្សាអនាម័យ ជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។ ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីវិធានការ ការពារ និងទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរលោក វ៉ា ថន ក៏បានផ្តល់នូវសារ៉ុង, ក្រម៉ា ជូនដល់ប្រជាពលរដ្ឋសរុបចំនួន១៨០នាក់ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះផងដែរ៕