(ត្បូងឃ្មុំ)៖ ស្របពេលដែលនៅទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានជួបវិបត្តិជំងឺកូវីដ-១៩ និងដើម្បីជួយជ្រោមជ្រែងសម្រួលស្វែងរកទីផ្សារលក់ដូរ បង្កើនជីវភាពដល់ប្រជាកសិករ អាជ្ញាធរខេត្តត្បូងឃ្មុំ ពិសេសមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្ត ក្រៅពីជំរុញការដាំដុះ និងការចរាចរផលដំណាំទៅលក់លើទីផ្សារ បានបង្កើតផ្សារចុងសប្តាហ៍សម្រាប់ឲ្យលក់ដូរ និងផ្សព្វផ្សាយផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី និងផលិតផលកសិកម្មកែច្នៃក្នុងខេត្ត។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងសួង បានចុះសម្ពោធដាក់ឱ្យដំណើរការលក់ដូរផ្សារចុងសប្តាហ៍ខេត្តត្បូងឃ្មុំ និងពិនិត្យតូប ក៏ដូចជាផលិតផលដែលអាជីវករដាក់លក់ផងដែរ។

លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ផ្សារចុងសប្តាហ៍ខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានចាប់បើកដំណើរការលក់ដូររៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី២៤-២៥ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច មានទីតាំងនៅមុខសាលាបឋមសិក្សារស្មីកុមារ និងមុខសាលាក្រុងសួង ខេត្តត្បូងឃ្មុំ។

លោកបន្តថា ផ្សារចុងសប្ដាហ៍ត្បូងឃ្មុំមានលក់បន្លែសុវត្ថិភាព និងសរីរាង្គ ដែលដាំដុះដោយក្រុមកសិករក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្តជាច្រើនមុខទៀត។

លោក តូច សុខន បានឲ្យដឹងទៀតថា ការបង្កើតផ្សារចុងសប្ដាហ៍ត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច( AIMS) បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត អ្នកប្រមូលទិញធំៗនៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងបង្កើនផលិតផលនិងផលិតកម្ម។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងដែរថា ផ្សារចុងសប្តាហ៍ខេត្តត្បូងឃ្មុំនេះនឹងផ្តល់ភាពងាយស្រួល សម្រាប់ទីផ្សារលក់ដូរក្រោយទទួលផល ដែលធ្វើឲ្យកម្រិតជីវភាពប្រជាកសិករបានល្អប្រសើរ ដែលជំរុញទឹកចិត្តធ្វើឲ្យបន្តខិតខំដាំបន្លែផ្លែឈើសុវត្ថិភាព ដោយគ្មានជាតិគីមី និងការចិញ្ចឹម សត្វតាមបែបធម្មជាតិ ក៏ដូចជាបានដឹង និងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្ត ដែលជាការលើកស្ទួយផលិតផលខ្មែរ និងសិប្បកម្មកែច្នៃក្នុងខេត្តផងដែរ៕