(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នាពេលខ្លីខាងមុខនេះ អគ្គនាយកពន្ធដារ នឹងប្រកាសដាក់ឲ្យដំណើរការបង់ពន្ធអចលនទ្រព្យ ក៏ដូចជាការបង់ពន្ធផ្សេងៗ តាមប្រព័ន្ធ Online។

ដំណើរការបង់ពន្ធតាម Online នេះ មានឈ្មោះថា TaxPayment App របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល ដល់អ្នកជាប់ពន្ធ ទាំងអ្នករស់នៅតាមបណ្ដាខេត្ត ក៏ដូចជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

ការបញ្ជាក់បែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធី Live តាមរយៈ Facebook Page ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីពិសេស ស្តីពី ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំបានរៀបចំនូវប្រព័ន្ធផ្សេងៗ ដូចជា Update App មួយចំនួន...បន្ដិចទៀត មិនយូរទេ រយៈពេលដ៏ខ្លីខាងមុខនេះ យើងខ្ញុំនឹងដាក់ដំណើរការ បង់ពន្ធអចលនទ្រព្យ ក៏ដូចជាការបង់ពន្ធផ្សេងៗទៀត នៅតាម Online»

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការឲ្យដំណើរការបង់ពន្ធតាម Online នេះ ជាការសម្រួលដល់ម្ចាស់អចលនទ្រព្យ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ ខណៈគម្រោងនេះយ៉ាងយូរដើមខែក្រោយ នឹងដាក់ឲ្យដំណើរការ។

លោក គង់ វិបុល បានលើកឡើងថា ក្រោយពេលដាក់ដំណើរការ នាយកដ្ឋានពន្ធដារ នឹងមានផលិតផលថ្មីជាច្រើនទៀត សម្រាប់អ្នកជាប់ពន្ធ ឲ្យប្រើប្រាស់សេវា ដើម្បីសម្រួលឲ្យកាន់តែងាយស្រួល ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ។

គូសបញ្ជាក់ថា តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យដំណើរការ កម្មវិធី App សម្រាប់សម្រួលដល់អ្នកជាប់ពន្ធ មានងាយស្រួលក្នុងការបង់ និងឲ្យមានភាពឆាប់រហ័សប្រមាណ ៧០ App មកហើយ។ ពន្ធដារនៅតែបន្តអភិវឌ្ឍន៍កម្មវិធី App ថ្មីៗជាបន្តបន្ទាប់ទៀត៕