(ស្ទឹងត្រែង)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់នៅខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកស្រី មឹន មាណវី បានប្រាប់ពលរដ្ឋនូវកម្មវិធីថ្មីលើទូរស័ព្ទដែលងាយស្រួលសំរាប់ពលរដ្ឋដែលចង់សិក្សាស្វែងយល់ពីច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកដែលកម្មវិធីនោះមានឈ្មោះថា (Cambodia Driving Rules) ដែលកម្មវិធីមួយនេះមិនត្រឹមតែងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការរៀនសូត្រ អំពីច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប៉ុណ្ណោះទេ ថែមទាំងអាចប្រឡង សាកល្បងសមត្ថភាពរបស់ខ្លួនបានផងដែរ ពីព្រោះកម្មវិធីនេះជាកម្មវិធីអេឡិចត្រូនិច ដែលអាចទាញយកបានពី app store និង play store អាចដំណើរការបានលើទូរស័ព្ទដៃស្មាតហ្វូនទាំងប្រព័ន្ធ Android និងប្រព័ន្ធ iOS។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានកំណត់យកជាឆ្នាំ នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមា កំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចាប់អនុត្តការរឹតបន្តឹង ការអនុវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តច្បាប់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាព ដើម្បីជៀសផុតពីការអាផាកពិន័យធ្ងន់ធ្ងរ។

លោក នៃ ចារី បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាមិនត្រូវបើកបរលើស ល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានាដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា គិតត្រឹមពេលនេះមន្ទីរបានចុះបញ្ជីយានយន្តទេសចរណ៍បានចំនួន ៥១៤គ្រឿង រថយន្តដឹកទំនិញធុនតូចបានចំនួន ២៦០គ្រឿង រថយន្តដឹកទំនិញធុនធំបានចំនួន ៣៧៨គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចបានចំនួន ៧១គ្រឿង រថយន្តដឹកអ្នក ដំណើរ ធុនធំបានចំនួន ៤គ្រឿង ទោចក្រយានយន្តបានចំនួន ២,៣៩០គ្រឿង ត្រីចក្រយានយន្តបានចំនួន ៣៣៩គ្រឿង។ បានផ្ដល់ប័ណ្ណយានយន្តប្រភេទ ក ចំនួន ១,១២២បណ្ណ ប្រភេទ ខ ចំនួន ៧៦៥៥បណ្ណ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការចែកជូនមួកសុវត្ថិភាព សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកចូលរួមផងដែរ៕