(ត្បូងឃ្មុំ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា «នៅពេលណាយើងធ្វើបានល្អ ធ្វើបានត្រឹមត្រូវ មហាជនគេគាំទ្រ គេសរសើរហើយ មហាជនគេមិនល្ងង់ទេ បើធ្វើអាក្រក់ គេដឹងភ្លាម នេះហើយជាស្នាដៃរបស់យើង ត្រូវធ្វើឲ្យបានល្អទៅមុខទៀត ការងារបោះឆ្នោតរបស់យើង»។

លើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប នៅខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក ស៉ិក ប៊ុនហុក បានអោយដឹងថា នៅទីនេះមន្ត្រីដែលទើបនឹងប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈ​ពេលខ្លីមានចំនួន ១៩រូប ក្នុងចំណោមមន្ត្រីដែលត្រូវបានជ្រើសរើសចំនួន ៥១០រូប កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

ជាមួយនឹងការជ្រើសរើសនេះ លោក ស៉ិក ប៊ុនហុក បានលើកជាឧទាហរណ៍មួយក្នុងពេលនោះថាជាទង្វើមួយដែលមហាជនទទួលស្គាល់ រួចចោទសួរថា ហេតុអ្វីបានជាមហាជនទទួលស្គាល់?

លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ដោយឆ្លើយតបថា ក្រោមអាណត្តិនៃការដឹកនាំរបស់លោក បានដឹកនាំធ្វើការកែទម្រង់ឲ្យកាន់តែប្រសើរ ជាក់ស្ដែងលោកបានចាត់តាំងមន្ត្រីថ្នាក់កណ្ដាល មន្ត្រីថ្នាក់លេខាធិការរដ្ឋាន ដើម្បីដឹកនាំនិងរៀបចំការប្រឡងជ្រើសរើសឱ្យបានសុក្រឹត និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នាដែលចង់បម្រើការងារបោះឆ្នោត ចូលរួមប្រកួតប្រជែង។

នៅពេលយើងធ្វើបានត្រឹមត្រូវជាលទ្ធផលមន្ត្រីចំនួន៥១០រូបត្រូវបានជ្រើសរើស ហើយនៅពេលយើងផ្សព្វផ្សាយលទ្ធផលនៃការប្រឡងតាមទំព័រហ្វេសប៊ុក (Facebook page) គ.ជ.ប និងតាម facebook លធ.ខ.ប កាលពីខែទី២៧ ខែមីនា ឆ្នាំ២០២០ មហាជនរាប់ពាន់ និងរាប់ម៉ឺននាក់បានចូលរួមមើល និងបញ្ចេញទស្សនៈប្រហាក់ប្រហែល និងដូចគ្នាថា ចំពោះការប្រឡងនេះ មានភាពសុក្រឹត ហើយបេក្ខជនមានសមត្ថភាពរៀងៗខ្លួន ដោយការគាំទ្រការប្រឡងនេះពេញបេះដូង។

បើតាមលោក ហ៊ាង សុផល ប្រធាន ល.ខ.ប ត្បូងឃ្មុំ ឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តមានចំនួន ៨៦៨,៥៩៥នាក់ ក្នុងនោះ ៤៤៣,៣៥៧នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៩។ ប្រជាពលរដ្ឋប៉ាន់ស្មាន នៃអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត មានចំនួន ៩,៧១១ នាក់។

លោក បន្តថា ល.ខ.ប ត្បូងឃ្មុំ បានបណ្ដុះបណ្ដាលតាមមណ្ឌលប្រមូលផ្ដុំរួចហើយនៅក្រុង-ស្រុកទាំង៧ ដើម្បីត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយត្រៀមចុះឈ្មោះថ្មីចំនួន៧,៩៨០ លុបឈ្មោះចេញពីបញ្ជីចំនួន២,០៨១នាក់ និងផ្លាស់ទីលំនៅចូលចំនួន១១៥៧,នាក់។

លោកបន្ថែមថា នាពេលដ៏ខ្លីខាងមុខនេះ នឹងរៀបចំប្រជុំផ្សព្វផ្សាយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ព្រមទាំងត្រៀមរៀបចំឯកសារដើម្បីប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតជាបន្តទៀត៕