(ស្វាយរៀង)៖ ចាប់តាំងពីមានផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិក និងការនាំចូលជ្រូកផងដែរនោះ ប្រជាកសិករនៅខេត្តស្វាយរៀង ដែលធ្លាប់ចិញ្ចឹមជ្រូក នៅមិនទាន់ហ៊ានចិញ្ចឹមជ្រូកឡើងវិញនោះទេ។

លោក កុល មួន អាយុ៣៧ ជាអាជីវករចែកចាយជ្រូករស់ នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាកន្លែងចែកចាយជ្រូកធំជាងគេ នៅខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន នៅតាមទីផ្សារក្នុងខេត្តស្វាយរៀងមួយថ្ងៃ ត្រូវការជ្រូក១៥០ក្បាលទៅ២០០ក្បាល ថ្ងៃខ្លះជាង២០០ក្បាល ហើយជ្រូករស់ ដែលអាជីវករដើរប្រមូលទិញតាមផ្ទះ ក្នុង១ថ្ងៃបាន៥ក្បាលទៅ១០ក្បាលតម្លៃថោកជាងជ្រូករបស់ក្រុមហ៊ុន និងជ្រូកនាំចូលពីប្រទេសថៃ។

លោកថា ជ្រូកកសិករខ្មែរភាគច្រើនជ្រូកដែលមានខ្លាញ់ច្រើន ទិញ១គីឡូ៩,៥០០ទៅ១០,០០០រៀល (តាមពួជជ្រូក) លក់ចេញចែកចាយទៅឲ្យអាជីវករកាប់សាច់១គីឡូ១១,០០០រៀល។ ជ្រូកក្រុមហ៊ុនស៊ីភី ក៏មានតិចដែរ គឺ២ថ្ងៃ ក្រុមហ៊ុនដឹកមកចែកឲ្យតែ៣៥ក្បាលប៉ុណ្ណោះ តម្លៃជ្រូករស់លក់ចែកឲ្យតាមទីសត្តឃាត ១គីឡូ ១៤,៥០០រៀល ។ ជ្រូករស់នាំមកពីប្រទេសថៃ ទទួលពីក្រុមហ៊ុនស៉ីវម៉ី ក្នុង១ថ្ងៃ១៥០ក្បាលទៅ២០០ក្បាល តម្លៃជ្រូករស់ទិញចូល១គីឡូ១២,០០០រៀល លក់ចេញទៅឲ្យអាជីវករទូទាំងខេត្តស្វាយរៀង ១គីឡូ១៤,០០០រៀល ។

បើតាមអាជីវករលក់សាច់ជ្រូក នៅផ្សារវាលយន្តក្រុងស្វាយរៀង បានឲ្យដឹងថា តម្លៃសាច់ជ្រូកលក់ចេញនៅលើផ្សារ សាច់សុទ្ធ ១គីឡូ២៥,០០០រៀល សាច់បីជាន់១គីឡូ ២ម៉ឺនរៀល ឆ្អឹងជំនី១គីឡូ២៥,០០០រៀល ពោះជ្រូក១គីឡូ ២ម៉ឺនរៀល។

 បើតាមអ្នកធ្លាប់ចិញ្ចឹមជ្រូកនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានឲ្យដឹងថា រូបគាត់ក៏ដូចជាអ្នកចិញ្ចឹមជ្រូកផ្សេងទៀត បានឈប់ចិញ្ចឹមជ្រូក ៤ឆ្នាំមកហើយ ដោយសារឈ្មួញនាំជ្រូកពីប្រទេសជិតខាងច្រើន ធ្វើឲ្យជ្រូកប្រជាកសិករខ្មែរធ្លាក់តម្លៃ ក្រោយមកទៀតមានផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិកទៀត គឺសម្រេចចិត្តឈប់ចិញ្ចឹមតែម្តង គឺលក់មេជ្រូកពូជ អស់ហើយ និងខ្លះបានវាយកំទេចទ្រុងចោលទៀត បើចិញ្ចឹមវិញ គឺត្រូវការពេលវេលា និងដើមទុនច្រើន ហើយបើរាជរដ្ឋាភិបាលជម្រុញឲ្យប្រជាពលរដ្ឋចិញ្ចឹមជ្រូកឡើងវិញ គួរតែបង្កើតច្បាប់គ្រប់គ្រង និងចងក្រងសហគមន៍ចិញ្ចឹមជ្រូក ហើយធានាតម្លៃទីផ្សារឲ្យមាននិរន្តរភាព ដោយរាជរដ្ឋាភិបាល ផ្តល់ប្រាក់កម្ចីដល់កសិករ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ផែនការឲ្យមន្ត្រីជំនាញមន្ទីរកសិកម្ម ខេត្តចុះបង្រៀនជំនាញបច្ចេកទេស និងជួយអន្តរាគម ពិនិត្យព្យាបាលពេលជ្រូកមានជំងឺ ជាអ្នកសិក្សាតម្រូវការទីផ្សារ ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានតាមតម្រូវការនោះ ទើបអាចចញ្ចឹមជ្រូកឡើងវិញ មានប្រសិទ្ធិភាព៕