(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា យោងតាមការព្យាករណ៍ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦នេះ កម្រិតសីតុណ្ហភាពអប្បបរមា មានការធ្លាក់ចុះខ្លាំង នៅបណ្តាខេត្តមួយចំនួនរួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ ក្នុងរង្វង់១៤-១៦ អង្សាសេ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ឯបណ្តាខេត្តមួយចំនួនទៀត រួមទាំងរាជធានីភ្នំពេញផង សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះក្នុងរង្វង់ ១៩-២១ អង្សាសេ។ ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មិនមានការធ្លាក់ចុះច្រើននោះទេ ក្នុងរង្វង់ ២២-២៤ អង្សាសេ។

ពាក់ព័ន្ធនឹងការធ្លាក់ចុះ សីតុណ្ហភាពអប្បបរមានេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ៕