(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈដែលពិភពលោកកំពុង ប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។

ការក្រើនរំឮកបែបនេះរបស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីបទបង្ហាញលទ្ធផលស្រាវជ្រាវស្តីពី «ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងវិធីការពារជំងឺកូវីដ-១៩»។

ពិធនេះក៏មានការចូលរួមពីសំណាក់លោកសាស្រ្តាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា លោកសាស្រ្តាចារ្យ ខាន់ សារ៉េត លោកសាស្រ្តារ្យ កៅ សុវណ្ណតារា និងលោកសាស្រ្តាចារ្យ ហង់ ប៊ូ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការ លោក លោកស្រីអភិបាលរងស្រុក ក្រុងទាំង៨ លោក លោកស្រី មេឃុំ ជំទប់ ស្មៀនឃុំក្នុងទាំង៨០ ឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់សមាជិក សមាជិកា ទាំងអស់លើកឡើងនូវសំណួរ ឬបញ្ហាប្រឈមនានា ដែលកើតមានឡើង ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា រកដំណោះស្រាយ និងសំណូមពរឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ជួយពង្រឹង បន្តការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ បិទខិតបណ្ណ នៅតាមផ្ទះសំណាក់ សណ្ឋាគារ គ្រឹះស្ថានសាធារណៈ ឯកជន និងនៅតាមរមណីយដ្ឋាន ទីសាធារណៈនានានៅក្នុងដែនដីខេត្តស្វាយរៀង ដើម្បីពញ្ញាក់ស្មារតីឱ្យប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់៕